ភ្នំពេញ ៖ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុបួងចង្កូតបត់បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើង ចំណែកឯតែកុងរថយន្តវិញ បើកទ្វាររត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ២ និង ២០ នាទីយប់ឈានចូលថ្ងៃពុធទី ២៤ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2-M3892 បើកបរដោយបុរសម្នាក់ រួមនឹងអ្នកដំណើរ ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើ បម្រុងនឹងបត់ឆ្វេងឡើងទៅទិសខាងជើងវិញ ស្រាប់តែបួងចង្កូតជ្រុលបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ។ សំណាងល្អមិនគ្រោះថ្នាក់ទៅដល់ភាគីតែកុងរថយន្ត និងអ្នករួមដំណើរតាមដងផ្លូវ រងការខូចខាតរថយន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះមកដល់រួចធ្វើការវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តខាងលើ ទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត