ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដោយអំពាវនាវប្រជាពលរដ្ឋ ដែលធ្លាប់ចេញចូលនៅសណ្ឋាគារ ជីនប៉ីទាំង៣សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ិន ចាប់ពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ និងសណ្ឋាគារហ័ងហ្គ័នជាយី ចាប់ពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬដឹងថា ខ្លួនបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលជាជនជាតិចិនទើបរកឃើញវិជ្ជមានទាំង ២នាក់ សូមអញ្ជើញទៅធ្វើតេស្តរកកូវីដ១៩។ ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរក្រសួងសុខាភិបាលខេត្តព្រីហនុ ប្រចាំការនៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅវិថីឯករាជ្យ (ផ្លូវ១០០) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ចាប់ពីម៉ោង១រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ ដើម្បីក្រុមការងារ ពិនិត្យយកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ។
រដ្ឋបាលខេត្ដ គួរបញ្ជាក់ថា ស្ត្រីជនជាតិចិន ២នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅខេត្តព្រះសីហនុ ដោយបច្ចុប្បន្ន អ្នកជំងឺ កំពុងត្រូវដាក់ឱ្យនៅដាច់ដោយឡែក និងផ្តល់ការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ហើយទីតាំងធំៗ ចំនួនបីកន្លែងត្រូវបានបិទហ៊ុព័ទ្ធដោយខ្សែលឿង មិនឱ្យមានការចេញចូល ដោយគ្មានការអនុញ្ញាតឡើយ។ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៦នាក់ និងអ្នកជំងឺ ១៤២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ