ភ្នំពេញ ៖ ពុកម៉ែបងប្អូនជាច្រើន ប្រាកដណាស់ជាបានស្គាល់ច្បាស់ហើយ ពីតារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះមួយរូបគឺនាយ ឆើត ដែលមានឈ្មោះពិត ពៅ គីសាន់។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លោកបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញវីដេអូរបស់លោក ខណៈលោកកំពុងលាងចាននៅក្នុងហាងមួយកន្លែង ដែលលោកប្រាប់ថា កំពុងធ្វើការងារមួយនេះនៅទីនោះ។
នៅក្នុងវីដេអូដែលមានរយៈពេលជាងកន្លះនាទី លោក ពៅ គីសាន់ ហៅនាយ ឆើត បាននិយាយរៀបរាប់ហាក់កម្សត់ ខណៈវ័យកាន់តែចាស់ទៅហើយ ទាំងកំពុងដៃលាងចានបណ្តើរយ៉ាងដូច្នេះថា៖ «ខ្ញុំឥឡូវនេះ ការងារអ្វីក៏គ្មានធ្វើដែរ មានតែរត់តុ លាងចាន… សិល្បៈករចាស់ៗឥឡូវគេលែងហៅថតអស់ហើយ មានតែក្មេងៗទេ ចាស់ៗគាត់ចាស់ គាត់ចំណាស់ គាត់ឈឺ គាត់អីអស់ហើយ វីតាមីនសេ សានម៉ៅ ស្មាញអីហ្នឹង លាចាកលោកអស់ហើយ!»។
គួររំលឹកឲ្យដឹងផងដែរថា លោក ពៅ គីសាន់ កាលពីពេលកន្លងទៅ ក៏ធ្លាប់លេចឮព័ត៌មានថា លោកធ្លាប់បានធ្លាក់ខ្លួនឈឺ ដោយត្រូវឃ្លាតចាកឆ្ងាយពីវិស័យសិល្បៈអស់មួយរយៈធំ ខណ:ពេលដែលទីផ្សារការងារសិល្បៈមិនសូវមានឡើយសម្រាប់គាត់ដូចមុនទៀតទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង