ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះទៅពិនិត្យមណ្ឌលចត្តាឡីស័ក និងសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមការណែនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានមើលថែ និងព្យាបាលជូនអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកនៅទីនោះ។
ក្នុងឱកាសនោះ លោកឃួង ស្រេង បានកោតសរសើរចំពោះក្រុមគ្រូពេទ្យដែលកំពុងមើលថែនិងព្យាបាលអ្នកជំងឺកូវីដ១៩ និងអ្នកធ្វើចត្តាឡីស័កដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពអ្នកជំងឺកន្លងមក ហើយលោកក៏សូមឲ្យបន្តកិច្ចការងារនេះឲ្យបានល្អបន្ថែមទៀត ដើម្បីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើង។
លោកអភិបាលរាជធានី ក៏បានណែនាំឲ្យក្រុមគ្រូពេទ្យទាំងអស់ ជួយបន្តយកចិត្តទុកដាក់ណែនាំដល់អ្នកធ្វើចត្តាឡីស័កឲ្យអនុវត្តវិធានសុខាភិបាល លាងដៃនឹងសាប៊ូ ជែល និងអាកុល ពាក់ម៉ាស់ ពិសេសអនុវត្តវិធានការពារ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
នៅរសៀលថ្ងៃដដែលនោះ អភិបាលរាជធានីភ្នំពេញ បានបន្តអញ្ជើញទៅពិនិត្យនិងសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យរុស្ស៊ី នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ