ភ្នំពេញ ៖ ស្ថានទូតវៀតណាមប្រចាំកម្ពុជា Vietnam Embassy in Cambodia នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២១នេះ បានចេញផ្សាយព័ត៌មានថា កាលពីថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ២០២១កន្លងទៅ នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស សម័យប្រជុំសាមញ្ញលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ត្រូវបានប្រព្រឹត្តទៅដោយមានកិច្ចប្រជុំកំពូលធ្វើឡើងតាមប្រព័ន្ធវីដេអូ ដែលមានការអញ្ជើញចូលរួមពីគណៈប្រតិភូជាន់ខ្ពស់ចំនួនជាង១១៥ ក្រុម ស្ថិតក្រោមអធិបតីភាព លោក Nazhat Shameem Khan (ឯកអគ្គរដ្ឋទូតនៃប្រទេសហ្វីជី) ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស។ គណៈប្រតិភូវៀតណាមដឹកនាំដោយ ឯកឧត្តម Pham Binh Minh ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស។
នាឱកាសនៃកិច្ចប្រជុំកំពូលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Pham Binh Minh ក៏បានជំរាបជូនពត៌មានពីការដែលប្រទេសវៀតណាមបានឈរឈ្មោះជាបេក្ខជន សម្រាប់សមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥.
ដោយថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានចែករំលែកនូវការលំបាកលំបិនទាំងឡាយដែលបានបង្កឡើងដោយជំងឺ Covid-19 បណ្តាលឲ្យមានការបាត់បង់ជីវិត រាប់លាននាក់ ហើយបានធ្វើការប៉ះពាល់ជាអវិជ្ជមានដល់ជីវភាពរស់នៅរបស់មនុស្សរាប់ពាន់លាននាក់ បង្កឲ្យមាន សម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធសុខាភិបាល និងសុខុមាលភាពសង្គមនៃគ្រប់ប្រទេសទាំងអស់ ព្រមទាំងបានជះឥទ្ធិពលទៅលើការទទួលនូវសិទ្ធិមនុស្សផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការកត់សម្គាល់ពីការប្រែប្រួលជាវិជ្ជមាន និងការងើបឡើងវិញ នៅពេលដែលពិភពលោកបានឈានចូលក្នុង “សភាពធម្មតាតាមបែបគន្លងថ្មី” ហើយបានមើលឃើញថា ជំងឺរាតត្បាតCovid-19 គឺជាឱកាសសម្រាប់ពិភពលោកទាំងមូល ដើម្បីកសាងនូវអនាគតដ៏ល្អប្រសើរជាងនេះទៅទៀត ដែលក្នុងនោះចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិពិតជាកត្តាគន្លឹះសម្រាប់ជួយជំនះលើរាល់ឧបសគ្គទាំងឡាយ។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អះអាងថា ការធ្វើឱ្យសង្គមមានសុវត្ថិភាពពីការរាតត្បាតគឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីធានាថារាល់សមាជិកគ្រប់គ្នាក្នុងសង្គម ទទួលបានពេញលេញនូវសិទ្ធិមនុស្ស។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ក៏បានលើកឡើងផងដែរនូវគោលនយោបាយ កិច្ចខិតខំប្រឹងប្រែង និងស្នាដៃរបស់ប្រទេសវៀតណាមក្នុងការការពារ និងលើកកម្ពស់នូវសិទ្ធិមនុស្សក្នុងបរិបទនៃជំងឺរាតត្បាត ដោយគ្រប់គ្រងជំងឺរាតត្បាត ថែរក្សាសុខភាពប្រជាជនផង ហើយរក្សានូវកំណើនសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គមផង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ព័ត៌មាននូវការរួមចំណែកពីប្រទេសវៀតណាម ដល់កិច្ចខិខំប្រឹងប្រែងរួមគ្នានៃ ពិភពលោកក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 ដូចជាការផ្តល់ម៉ាស សម្ភារៈបរិក្ខារពេទ្យជូនប្រទេសជាង ៥០ និងដៃគូអន្តរជាតិជាដើម ហើយបានលើកសំណើរ និងទទួលបានការយល់ព្រមពីមហាសន្និបាតអង្គការសហប្រជាជាតិឲ្យអនុម័តជាឯកច្ឆ័ន្ទទៅលើសេចក្តីសម្រេចស្តីពីការជ្រើសរើសយកថ្ងៃទី២៧ ខែធ្នូ ជាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងជំងឺរាតត្បាត សម្រាប់លើកកម្ពស់ការយល់ដឹងនូវការការពារ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតនានា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ