Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើឱ្យ​ក្រសួងមហាផ្ទៃ ដក​បទបញ្ជា​ហាម​មិនឱ្យ​ពលរដ្ឋ ដឹកទំនិញ​ចេញ​-​ចូល​រវាង​កម្ពុជា និង​ប្រទេសជិតខាង​ជាបន្ទាន់

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានស្នើឱ្យ​ក្រសួងមហាផ្ទៃ ជា​ពិ​សេ​សេស​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ដក​បទបញ្ជា​ដែល​ហាម​មិនឱ្យ​ប្រជាពលរដ្ឋ​ដឹកទំនិញ​ចេញ​-​ចូល ពី​កម្ពុជា​ទៅកាន់​ប្រទេសជិតខាង​នោះ​ចេញ​ជាបន្ទាន់​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​AKP​នៅ​ថ្ងៃ​ពុធ​នេះ​។​

​ក្នុង​សារ​ជា​សំឡេង នា​ថ្ងៃទី ២៤ ខែ​កម្ភៈ ឆ្នាំ​២០២១ សម្ដេច​តេ​ជោ​មានប្រសាសន៍ថា កន្លងទៅ​យើង​បាន​ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់គ្រង​ការចេញ​-​ចូល​របស់​ប្រជាជន ហើយ​យក​គោលដៅ​ច្បាស់លាស់​ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​តំបន់​ព្រំដែន ដើម្បី​ចៀសវាង​ការហូរចូល​នៃ​ជំងឺ​ពី​ក្រៅប្រទេស​ចូលមកក្នុង​ប្រទេស​។ ប៉ុន្តែ​ចំពោះ​ការដឹក​ទំនិញ​រកស៊ី​ជាមួយ​ប្រទេសជិតខាង​នៅតែ​បន្តធ្វើ​ធម្មតា​។ សម្ដេច​តេ​ជោ​ថ្លែងឱ្យដឹងថា សម្ដេច​ទើបបាន​ទទួលដំណឹង​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មាន​ដាក់បទបញ្ជា​នៅតាម​ខេត្ត​ដែល​នៅជាប់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ ជាពិសេស​នៅ​ច្រក​ខេត្ត​ប៉ៃលិន ថា​មិនឱ្យ​បងប្អូន​ខ្មែរ​យើង​ដឹក​កសិផល​ទៅ​ព្រំដែន​ថៃ​ដូច​ពីមុន​ទៀត​នោះទេ ដោយ​ចាប់​អនុវត្តន៍​ពីថ្ងៃ​ស្អែក ហើយ​រថយន្ត​របស់​ថៃ​បែរជា​ចូលមកក្នុង​ប្រទេស​រប​ស់​យើង​វិញ​បាន​។ សម្ដេច​តេ​ជោ​គូសបញ្ជាក់ថា “​ប្រសិនបើ​យ៉ាង​ដូច្នេះ ខ្ញុំ​ស្នើឱ្យ​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដក​នូវ​បទបញ្ជា​នេះ​ចេញ​វិញ ដើម្បី​សម្រួល​ឱ្យ​ប្រជាជន​នៅតាម​ព្រំដែន​រកស៊ី​ធម្មតា ហើយ​មិន​ត្រឹមតែ​រកស៊ី​ធម្មតា​ទេ ដោយពេល​នេះ​ជា​រដូវ​កាល​ប្រមូល​ផល​កសិកម្ម ដូច្នេះ​ត្រូវ​ជំ​រុញឱ្យ​ការនាំចេញ​ទំនិញ​កាន់តែច្រើន ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​យើង កាន់តែ​ល្អ​”​។​

​សម្ដេច​តេ​ជោ​លើកឡើងថា មិនអាច​ខាង​ថៃ​ដឹកទំនិញ​ចូល​បាន ប៉ុន្តែ​បែរជា​ហាមឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​របស់​យើង​មិនឱ្យ​ដឹកទំនិញ​ចេញទៅ​ប្រទេស​ថៃ​។ ជាមួយ​ប្រទេស​វៀតណាម​ក៏​ដូចគ្នា​ដែរ ខ្ញុំ​សូមបញ្ជាក់​ឡើងវិញ អ្វី​ដែលជា​គោលបំណង​យើង គឺ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ដើម្បី​ការធ្វើ​ច​ត្តា​ឡី​ស័ក ក៏ប៉ុន្តែ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​នៅតែ​ធ្វើ​ធម្មតា​។ ដូច្នេះ​ស្នើឱ្យ​បណ្ដា​ខេត្ត​នៅតាម​ព្រំដែន​ទាំងអស់​យក​ការទទួលខុសត្រូវ ដើម្បី​នឹង​ចាត់វិធានការ ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​នៅតែ​អាច​បន្ត​រកស៊ី​ជាមួយ​ប្រទេសជិតខាង​បាន ហើយ​ដែលមាន​ការជួយ​សម្រួល​ពី​អាជ្ញាធរ​របស់​យើង​ផង​។ សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់​ទៀតថា កូ​វីដ​១៩​វា​បាន​បំផ្លាញ​យើង​ហើយ មិនអាច​ឱ្យមាន​ការបំផ្លាញ​ខាង​សេដ្ឋកិច្ច​បន្ថែមទៀត​ទេ ខ្ញុំ​សូម​ស្នើឱ្យ​សម្ដេច​ក្រឡាហោម​បញ្ជាក់​ឱ្យ​ខ្ញុំ តើ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានចេញ​បញ្ជា​បែបនេះ ទៅកាន់​កន្លែង​ណាខ្លះ សូមឱ្យ​ដកចេញ​នូវ​បទបញ្ជា​នោះ​វិញ ព្រោះថា​ទំនិញ​វា​អត់​មាន​កូ​វីដ​នៅ​នឹង​ទំនិញ​ទេ​។​ដូច្នេះ​ស្នើឱ្យ​យកចិត្តទុកដាក់​ទៅលើ​ការ​ព​ង្រឹ​កនូវ​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវ​បង្កលក្ខណៈ​សម្បត្តិ​ឱ្យ​ប្រជាពលរដ្ឋ​បានទទួល​ការរកស៊ី​នៅតាម​ព្រំដែន​កាន់តែ​ធំ​ទៅៗ​។​

​ព្រោះ​ទីផ្សារ​របស់​យើង គឺ​ពឹងពាក់​ជាមួយ​ប្រទេសជិតខាង ដោយ​ប្រទេស​ជា​មិត្ត​នាំ​ចូលមក​យើង​ក៏​ច្រើន យើង​ក៏​នាំ​ចេញទៅ​ប្រទេសជិតខាង​ក៏​ច្រើន​ដែរ​។ ដូច្នេះ​សូម​បន្ត​លើ​បញ្ហា​នេះ​ឱ្យបាន​ច្បាស់លាស់ ចៀសវាង​ការភាន់ច្រឡំ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​សង្កត់ធ្ងន់ថា «​ការចេញ​បទបញ្ជា​ណាមួយ​ទាក់ទង​នឹង​ព្រំដែន សូមមេត្តា​ឱ្យ​ខ្ញុំ​បាន​ដឹងផង ព្រោះ​ខ្ញុំ​ទទួលខុសត្រូវ​ទៅលើ​បញ្ហា កិច្ចការ​នយោបាយ​នៅក្នុង​ប្រទេស និង​នយោបាយ​ក្រៅប្រទេស​»​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​លើកឡើងថា កន្លងទៅ​យើង​ក៏មាន​ការឆកល្វែង​ដែរ ដូច​ជាមាន​ការចេញ​បទបញ្ជា​ទប់ស្កាត់​មិន​នាំចូល​ត្រី​ពី​ខាងក្រៅ ដែល​អាច​ថា ខុស​ទៅនឹង​បទដ្ឋាន​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ក្របខ័ណ្ឌ​(AFTA) គឺ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​។​

​ប៉ុន្តែ​យើង​បានធ្វើការ​កែតម្រូវ​ទៅខាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយនឹង ការហាមឃាត់​ការនាំ​ត្រី​ចូល​ពី​ខាង​វៀតណាម​។ សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​ទទូច​ឱ្យ​អាជ្ញាធរខេត្ត​នៅតាម​ព្រំដែន យក​ការទទួលខុសត្រូវ ហើយ​រាយការណ៍​ដោយ​ត្រង់​មកកាន់​សម្ដេច​តេ​ជោ​តែម្ដង ប្រសិនបើ​មាន​បញ្ហា ទាក់ទិន​ជាមួយនឹង​ការរអាក់រអួល​ទៅលើ​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×