ជាការពិតណាស់ កាលពីពេលកន្លងទៅនេះ តារាជើងចាស់អ្នកស្រី ញឹម សុខា ក្រោយពីបានធ្លាក់ខ្លួនដើរលាងចាន ដោយឃើញមានក្តីអាណិតពេក អ្នកនាងស្រីអូន សម្រស់ធម្មជាតិ ក៏បានជួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន 500$ និងថែមទាំងទទួលយកអ្នកស្រីធ្វើជាម្តាយធម៌ទៀតផង។
តែទោះយ៉ាងណា ក្រោយឃើញមានមនុស្សមួយចំនួន ជាពិសេសនៅក្នុងចង្កោមសិល្បៈ និយាយពីមាត់មួយទៅមាត់មួយ ឬ អាចនិយាយាថាជាការចំអកឲ្យក៏ថាបាន គឺចាប់តាំងពីក្លាយជាម្តាយធម៌សេដ្ឋនី (ស្រីអូន) រួចមក មានជីវភាពធូរខ្លាំង មានផ្ទះ មានឡាន មានសព្វបែបយ៉ាងដែលជាការមិនពិតនោះ នៅពេលនេះ តារាសម្តែងជើងចាស់អ្នកមីង សុខា បានចេញមុខបកស្រាយការពិត។
ទាក់ទងនឹងរឿងកំពុងធ្វើឲ្យមហាជនមានការយល់ច្រឡំនេះ អ្នកមីង សុខា សូមនិយាយជាការពិតថា គាត់ពិតជាអរគុណខ្លាំងណាស់ ដែលបានកូនធម៌ (ស្រីអូន) បានជួយ ដែលក្នុងនោះមានលុយ ២ លានរៀល (500$) ពេលមកជួបដំបូង និងជួយបង់ថ្លៃបន្ទប់ជួល១ខែ ៨០ ដុល្លារ បាន២ខែ ប៉ុន្តែ ក្រៅពីនេះ គឺកូនធម៌ (ស្រីអូន) ពុំបានជួយអ្វីបន្ថែមទៀតនោះទេ។
អ្នកមីង សុខា បានរៀបរាប់បន្តទាំងទឹកភ្នែក ដោយនិយាយត្រង់ៗថា ចាប់តាំងពីក្លាយជាម្តាយធម៌ស្រីអូនមក គឺគាត់ចង់ដាច់បាយ ព្រោះតែផលិតកម្ម គេលែងហៅទៅថតទៀត ដោយសារតែគេរើសអើង ឬ គិតថាបានក្លាយជាម្តាយធម៌សេដ្ឋនីទៅហើយ តើនៅក្រខ្វះអីទៀត។ អ្នកមីង សុខា ចង់និយាយពាក្យដាច់បាយនេះ គឺសំដៅថា ក្នុងនាមយើងមានឈ្មោះជាម្តាយធម៌ក៏ពិតមែន ប៉ុន្តែ បើយើងមិនទៅរកខ្លួនយើង តើបានអីហូបទៅ នេះមានន័យថា កូនធម៌មិនអាចជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃឲ្យយើងបានរហូតនោះទេ។
យ៉ាងណាមិញ នៅពេលសួរដល់ចំណុចមួយថា ចុះនៅពេលឈឺ ហេតុអ្វីបានជារត់ទៅរកលោក អ៊ឹម ជីវ៉ា ជួយ ម៉េចក៏មិនទៅរកកូនធម៌ អ្នកមីង សុខា បានប្រាប់ថា មូលហេតុ គឺមិនចង់ទៅរំខានកូន នាំឲ្យកូនលំបាកដោយសារទៀត ព្រោះយល់ថាកូនពិតណាស់ជារវល់ខ្លាំង ជាមួយការងាររកស៊ី។ អ្នកមីង សុខា ក៏បានបញ្ជាក់ឲ្យដឹងផងដែរ ចាប់តាំងពីបានក្លាយជាម្តាយធម៌ស្រីអូន តាំងពីពេលនោះ គឺរូបគាត់ពុំដែលបានជួបមុខគ្នាម្តងទៀតទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង