ភ្នំពេញ ៖ ក្រសួងព័ត៌មាន សម្រេចដកអាជា្ញប័ណ្ណការបើកអាជីវកម្មរបស់កាសែត Angkor Today បន្ទាប់ពីបានផ្សព្វផ្សាយព័ត៌មានបំភ្លៃថាកម្ពុជាលក់វ៉ាក់សាំង ដែលជាជំនួយរបស់មិត្តចិន។
នៅថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2020 នេះលោកខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានចេញសេចក្តីសម្រេច លុបប្រកាសលេខ៣៥១ព.ម.ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ របស់ក្រសួងព័ត៌មានដែលអនុញ្ញាតឱ្យ លោក អ៊ុង គង្គា បើកដំណើរការធ្វើអាជីវកម្មកាសែត អង្គរធូដេ (Angkor Today) ដោយម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយ ព័ត៌មានបំភ្នែការពិតមានចេតនាទុច្ចរិតធ្វើឱ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពច្របូកច្របល់ ចលាចល នៅក្នុងសង្គមដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍។
អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកខុទ្ទកាល័យក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត សាមីខ្លួន និងសមត្ថកិច្ចពាក់ព័ន្ធត្រូវទទួល បន្ទុកអនុវត្តប្រកាសនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាទៅ។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននាយកសារព័ត៌មាន Angkor Today ដែលបានផ្សព្វផ្សាយព័ត៌មានជាភាសាចិនថា កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩របស់ចិន ក្នុងតម្លៃ១២០ដុល្លារ នៅខេត្តសៀមរាប នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
បើយោងតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់កាសែតក្នុងស្រុកថា នាយកសារព័ត៌មាន Angkor Today ដែលត្រូវចាប់ខ្លួនមានឈ្មោះ SHEN KAIDONG ជាជនជាតិចិន មានទីស្នាក់ការនៅខេត្តសៀមរាប។ សារព័ត៌មាន Angkor Today នេះមានឈ្មោះពីមុនជា Angkor Times ដែលស្ថិតក្រោមការគ្រប់គ្រងម្ចាស់តែម្នាក់។ បន្ទាប់ពីចាប់ខ្លួនជនជាតិចិនរូបនេះ សមត្ថកិច្ចនឹងបន្តនីតិវិធីបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
ការចាប់ខ្លួនជនជាតិចិនខាងលើនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីសារព័ត៌មាននេះ បានផ្សព្វផ្សាយតាមបណ្តាញ Wechat ថា កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន ហើយភ្លាមៗក្រសួងសុខាភិបាលកម្ពុជា ក៏បានប្រកាសច្រានចោលទាំងស្រុងផងដែរចំពោះការចុះផ្សាយនូវព័ត៌មានមិនពិត និងគ្មានមូលដ្ឋានមួយនេះ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល បានចាត់ទុកថា ការផ្សព្វផ្សាយរបស់ Angkor Today ជារឿងផ្តេសផ្តាស។ ការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិននៅកម្ពុជា គឺបាននិងកំពុងចាក់ទៅលើក្រុមមនុស្សអាទិភាព ដែលក្រសួងសុខាភិបាលប្រកាសប៉ុណ្ណោះ ហើយបានថ្កោលទោសចំពោះជនមួយចំនួនដែលបំពុលសង្គម តាមរយៈការប្រឌិតព័ត៌មាននេះឡើង ដើម្បីបំភាន់សាធារណជន ធ្វើឲ្យមានការយល់ច្រឡំចំពោះកម្ពុជា។
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញ Angkor Times ឬ Angkor Today ដែលផ្សព្វផ្សាយថា កម្ពុជាលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន។
ការប្រកាសច្រានចោលនេះ បានធ្វើឡើងបន្ទាប់ពី សារព័ត៌មានឈ្មោះ Angkor Times បានផ្សព្វផ្សាយតាមបណ្តាញ Wechat ដោយប្រើប្រាស់ចំណងជើងថា កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល បានចាត់ទុកថា ការផ្សព្វផ្សាយរបស់ Angkor Times ជារឿងផ្តេសផ្តាស់។ លោកស្រីបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន នៅកម្ពុជា គឺបាន និងកំពុងចាក់ទៅលើក្រុមមនុស្សអាទិភាព ដែលក្រសួងសុខាភិបាលប្រកាសប៉ុណ្ណោះ ហើយ បានថ្កោលទោសចំពោះជនមួយចំនួនដែលបំពុលសង្គម តាមរយៈការប្រឌិតព័ត៌មាននេះឡើង ដើម្បីបំភាន់សាធារណជន ធ្វើឲ្យមានការយល់ច្រឡំចំពោះកម្ពុជា។
លោកស្រី ឱ វណ្ណឌីន ថ្លែងថា៖ យើងមិនមានឱ្យអ្នកដែលទៅចាក់បង់ប្រាក់នោះទេ ហើយបច្ចុប្បន្ននេះយើងអត់មានវ៉ាក់សាំងណាដែលចាក់ឱ្យក្នុងតម្លៃហ្នឹង (១២០ដុល្លារ)ដែរ ពីព្រោះវ៉ាក់សាំងយើងមានកម្រិត ហើយយើងសុទ្ធតែកំណត់មុខសញ្ញាសម្រាប់ក្រុមមនុស្សដែលត្រូវមកចាក់ ហើយយើងមានបញ្ជីឈ្មោះអ្នកចាក់ត្រឹមត្រូវ។
លោកស្រី បានសុំអធ្យាស្រ័យចំពោះប្រជាពលរដ្ឋ ដោយសារ ចំនួនវ៉ាក់សាំងជំហានដំបូងនេះមានកម្រិត មិនអាចចាក់ឱ្យគ្រប់គ្នាបាន។
ជំនួយវ៉ាក់សាំង ចិន ជំហានដំបូងចំនួន៦០ម៉ឺនដូស ក្នុងចំណោម ១លានដូស ដែលផ្តល់ជូនតាមសំណើក្រសួងការពារជាតិកម្ពុជា ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ ចំណែក៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ