នេះជារឿងមួយដ៏គួរឲ្យហួសចិត្តជាខ្លាំង ខណៈដែលស្ត្រី២នាក់នៅរដ្ឋផ្លរីដា ត្រូវបានគេចាប់បានព្យាយាមចាក់វ៉ាក់សាំង Covid-19 ជាលើកទី២ តាមរយៈការក្លែងខ្លួនជាស្ត្រីចំណាស់ ដើម្បីឆ្លងផុតសម្រាប់ការទទួលការចាក់វ៉ាក់សាំងម្តងទៀត។
មន្ទីរសុខាភិបាលនៅរដ្ឋផ្លរីដា នាពេលថ្មីៗនេះ បានរាយការណ៍ពីករណីដ៏ចម្លែករបស់ស្ត្រី២នាក់ មានអាយុ ៣៤ ឆ្នាំ និង ៤៤ ឆ្នាំ បានទៅកន្លែងចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដោយស្លៀកពាក់ក្នុងស្ថានភាពដូចមានអាយុលើសពី ៦៥ ឆ្នាំ អ៊ីចឹង ក្នុងបំណងដើម្បីអាចទទួលបានការវ៉ាក់សាំង។
ថ្លែងនៅក្នុងសន្និសីទមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកវេជ្ជបណ្ឌិត រ៉ាអុល ភីណូ អ្នកគ្រប់គ្រងផ្នែកសុខភាពប្រចាំទីក្រុង Orange County បាននិយាយថា ស្ត្រីទាំងនោះបានពាក់មួក ស្រោមដៃ និងវ៉ែនតា ក្នុងគោលបំណងធ្វើឱ្យខ្លួនពួកគេមើលទៅចាស់ជាងមុន។ តែយ៉ាងណា បុគ្គលិកនៅមជ្ឈមណ្ឌលបានកត់សម្គាល់ឃើញថា ពួកគេមើលទៅគួរឱ្យអស់សំណើច ហើយប៉ូលីសត្រូវបានគេហៅមកសួរនាំ។
ជាក់ស្តែង នៅពេលបុគ្គលិកបានឆែកមើលក្រដាសស្នាមរបស់ស្ត្រីទាំងពីរនាក់ គេបានគេរកឃើញថា ទោះបីជាឈ្មោះរបស់ពួកគេត្រូវគ្នានឹងការចុះឈ្មោះក៏ពិតមែន តែអាយុរបស់ពួកគេមិនដូចគ្នានេះដែរ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺថាស្ត្រីទាំងពីរមានប័ណ្ណចាក់វ៉ាក់សាំង ដែលមានសុពលភាពពីការចាក់វ៉ាក់សាំងដំបូងរបស់ពួកគេរួចហើយ ខណៈដែលអាជ្ញាធរមិនអាចពន្យល់ពីរបៀបដែលពួកគេអាចចាក់វ៉ាក់សាំងដំបូងរបស់ពួកគេបាននោះ វាទំនងជាថាពួកគេបានប្រើល្បិចទៅនឹងបុគ្គលិកចាក់វ៉ាក់សាំង ជាមួយការក្លែងបន្លំរបស់ពួកគេបែបនេះ។
មន្ត្រីម្នាក់បានប្រាប់ទៅស្ត្រីក្លែងបន្លំទាំងពីរនាក់នោះថា «តើអ្នកដឹងទេថា អ្នកបានធ្វើអ្វី? អ្នកបានលួចវ៉ាក់សាំងពីអ្នកដែលត្រូវការវាច្រើនជាងអ្នក។ ហើយឥឡូវអ្នកនឹងមិនទទួលបានជាលើកទី២ទៀតឡើយ។ ដូច្នេះវាជាការខ្ជះខ្ជាយពេលវេលាទាំងមូលដែលយើងទើបតែចំណាយនៅទីនេះ»។ មន្ត្រីប៉ូលីសរូបនោះ ក៏បានព្រមានថា «ប្រសិនបើអ្នកត្រឡប់មកម្តងទៀត អ្នកនឹងត្រូវចាប់ខ្លួន។ នេះចាត់ទុកជាសំណាងហើយ ដែលអ្នកមិនត្រូវចាប់ខ្លួននៅពេលនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង