ខណៈពេលកំពុងផ្តល់ចំណីដល់កូនស្វា១ក្បាល នារីម្នាក់ឈ្មោះ Xu ស្រាប់តែត្រូវបានវាយប្រហារដោយសត្វស្វាដ៏ធំ១ក្បាលទៀត ដោយវាចាប់ទាញ «សក់ពាក់» ចេញពីក្បាលរបស់នាងគួរឲ្យរន្ធត់។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Xu និងមិត្តភក្តិជាច្រើននាក់ផ្សេងទៀតរបស់នាង បានទៅលេងកម្សាន្តនៅតំបន់ Wusongkou នៅក្នុងទីក្រុង Jinyuan ប្រទេសចិន នៅក្នុងអំឡុងពេលឈប់សម្រាកចូលឆ្នាំចិន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។
វីដេអូមួយត្រូវបានដោយមិត្តភក្តិម្នាក់ បានបង្ហាញ Xu ស្ថិតក្នុងសម្លៀកបំពាក់អាវធំពីក្រៅពណ៌ឆ្នោត និងមួកក៏ពណ៌ត្នោតដូចគ្នា កំពុងព្យាយាមផ្តល់ចំណីឲ្យកូនស្វាមួយក្បាល។ តែទោះយ៉ាងណា នៅពេលនោះ ស្រាប់តែមានស្វាពេញវ័យ១ក្បាល ដើរចូលមកក្រោយ និងវាយប្រហារនាងភ្លាមៗតែម្តង។
ខណៈពេលនោះ អ្វីដែលគួរឲ្យស្លុតរន្ធត់នោះ គឺសក់មួយដុំធំ ត្រូវបានជ្រុះចេញពីក្បាលរបស់នាង ដែលជាលទ្ធផលស្វានោះបានចាប់ទាញ។ តែយ៉ាងណា នេះចាត់ទុកជារឿងដ៏ល្អហើយ ដែលសក់នោះមិនមែនជាសក់ពិតរបស់នាង វាគឺជាសក់ពាក់ក្លែងក្លាយប៉ុណ្ណោះ។
យោងតាមមន្ត្រីសត្វព្រៃក្នុងតំបន់បានឱ្យដឹងថា ការផ្តល់ចំណីដល់សត្វព្រៃ ក៏អាចបង្កគ្រោះថ្នាក់ដល់ពួកគេផងដែរ ព្រោះថាអាហារសម្រន់របស់មនុស្ស គឺតែងតែមិនសមស្របសម្រាប់សត្វព្រៃទាំងនោះ ហើយពួកវាក៏អាចប្រែអាកប្បកិរិយាបែបនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង