ភ្នំពេញ ៖ នៅក្នុងជំនួបរវាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងលោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (MARIA AMELITA C.AQUINO) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ភាគីទាំងពីរបានពិភាក្សាគ្នានូវអ្វីដែលជាក្របខណ្ឌរបស់ប្រទេសទាំងពីរ ដែលបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏ល្អកន្លងមក ជាពិសេសក្នុងពេលដំណើរទស្សនកិច្ចជាផ្លូវការ របស់ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជាកាលពីឆ្នាំ២០១៦ ដែលកម្ពុជា និងហ្វីលីពីនបានចុះអនុស្សារណៈយោគយល់គ្នា ស្តីអំពីកិច្ចសហប្រតិបត្តិការទៅលើវិស័យការងារ។
ប្រទេសទាំងពីរមានការងារជាច្រើនត្រូវធ្វើការជាមួយគ្នា ហើយក៏មានសេចក្តីថ្លែងការណ៍រួមមួយរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលផ្តោតទៅលើការជួយគាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការជួយដោះស្រាយ និងផ្តល់កិច្ចគាំពារទៅលើបញ្ហាពលរដ្ឋ ក៏ដូចជា ពលករទេសន្តរប្រវេសន៍ការងារ ដោយសារតែហ្វីលីពីន មានស្ថានទូតជាច្រើនទូទាំងពិភពលោក និងការិយាល័យអនុព័ន្ធការងារក៏ដូចជាការិយាល័យខាងផ្នែកផ្តល់កិច្ចគាំពារទៅដល់ពលករទេសន្តប្រវេសន៍នៅស្ទើរគ្រប់ប្រទេសទូទាំងពិភពលោក។
តាមរយៈកិច្ចព្រមព្រៀង ឬក៏សេចក្តីថ្លែងការណ៍រួមនេះ យើងបានឯកភាពគ្នា ជួយគ្នានៅពេលដែលពលរដ្ឋរបស់ហ្វីលីពីន ឬពលរដ្ឋកម្ពុជា ដែលមានបញ្ហាក្នុងបណ្តាប្រទេសផ្សេងៗ ដែលពុំមានស្ថានទូត និងមិនមានអនុព័ន្ធការងារសម្រាប់ជួយផ្តល់នូវការគាំពារទៅដល់ពួកគាត់ណាមួយ ពលរដ្ឋកម្ពុជាយើងអាចស្វែងរកនូវជំនួយពីស្ថានទូតហ្វីលីពីននៅប្រទេសនោះ ដែលកន្លងមកយើងបានធ្វើការជាមួយគ្នាបានយ៉ាងល្អលើកិច្ចសហប្រតិបត្តិការនេះ។
លោកជំទាវអគ្គរដ្ឋទូតបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការការពារ និងគាំពារយ៉ាងល្អដល់ពលរដ្ឋហ្វីលីពីដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជាប្រមាណជិត ៥០០០នាក់ ដែលពួកគេទទួលបាននូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ដូចកម្មករនិយោជិតកម្ពុជាដែរ ជាពិសេសបានទទួលអត្ថប្រយោជន៍ពីសមាជិកភាពរបស់បេឡាជាតិសន្តិសុខសង្គម។
កន្លងទៅថ្មីៗនេះ ពលរដ្ឋហ្វីលីពីនប្រមាណ៨០០នាក់ ក៏ទទួលបានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ក្នុងស្ថានភាពនៃការរីករាតត្បាតនៃជំងឺកូវីដ ១៩។
ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការមួយទៀតទៅលើវិស័យសន្តិសុខសង្គម តាមរយៈអនុស្សារណៈយោគយល់គ្នាមួយ រវាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងអង្គការធានារ៉ាប់រងសុខភាពរបស់ហ្វីលីពីន (Philhealth) ដែលជាក្របខណ្ឌកិច្ចប្រតិបត្តិការក្នុងការសហការគ្នាចែករំលែកនូវបទពិសោធន៍ ជាពិសេសទៅលើផ្នែកបច្ចេកទេសប្រតិបត្តិការ និងការគ្រប់គ្រងប្រព័ន្ធថវិកា ហិរញ្ញវត្ថុក្នុងផ្តល់នូវកិច្ចគាំពារដល់កម្មករនិយោជិត។
ភាគីទាំងពីរនឹងបន្តពិនិត្យលើការពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ចំពោះកិច្ចសហប្រតិការដែលមានស្រាប់ ហើយដែលអនុស្សរណៈយោគយល់គ្នាផុតសុពលភាព និងរៀបចំបន្តសុពលភាព។ ដោយមើលឃើញនូវសារសំខាន់នៃការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ភាគីទាំងពីរកំពុងខិតខំបញ្ចប់នូវសេចក្តីព្រាងអនុស្សរណ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET) អោយបានឆាប់ បើទោះជាបញ្ហាកូវីដ ១៩ គំរាមកំហែងក៏ដោយ ក៏ភាគីទាំងពីរ នឹងជំរុញការងារនេះ អោយក្រុមការងារបច្ចេកទេសធ្វើការជាមួយគ្នាបន្តទៀតតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យការចុះអនុស្សារណៈនេះបានឆាប់ ពីព្រោះការងារនេះគឺមានសារៈសំខាន់ផងដែរ ក្នុងការផ្តល់នូវចំណេះជំនាញ ការចែករំលែកនូវបទពិសោធន៍ ការអនុវត្តល្អៗ ពាក់ព័ន្ធជាមួយនឹងការគាំពារ ការផ្តល់នូវជំនាញវិជ្ជាជីវៈ ជាពិសេសពលករទេសន្តប្រវេសន៍ ដែលពួកគាត់ត្រូវសមារណកម្មចូលមកក្នុងប្រទេសវិញ ត្រូវចាប់យកជំនាញថ្មី ឆ្លើយតបទៅនឹងឱកាសការងារក្នុងស្រុក។
ដោយសារតែហ្វីលីពីន ជាប្រទេសមួយដែលមានបទពិសោធន៍ខ្ពស់ ហើយមានពលរដ្ឋហ្វីលីពីនធ្វើការនៅក្រៅប្រទេសជាច្រើនដែលអាចចែករំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើនក្នុងការផ្តល់នូវការគាំពារទៅដល់ពលករទេសន្តប្រវេសន៍។
ភាគីទាំងពីរពិតជាបានសម្តែងការពេញចិត្តនឹងអ្វីដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកន្លងមក លោកជំទាវឯកអគ្គរដ្ឋទូត បានប្តេជ្ញាថាក្នុងអាណិត្តការទូតរបស់លោកជំទាវ នឹងខិតខំពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ព្រមទាំងបង្កើតនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ដើម្បីផលប្រយោជន៍នៃប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះភាគីហ្វីលីពីន ដែលបានជួយចែករំលែកបទពិសោធន៍ និងចំណេះដឹងល្អៗដល់កម្ពុជា ក្នុងរួមចំណែកជួយដល់ ការគាំពារកាន់តែប្រសើរឡើងដល់ពលរដ្ឋកម្ពុជាទាំងនៅក្នុង និងក្រៅប្រទេស៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ