Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិចារណកថា ៖ លើកតម្កើង​ភាព​ស្អាតស្អំ​សុចរិត​ភាព ដើម្បី​ពង្រឹង​វឌ្ឍនភាព​សង្គមជាតិ​យើង​

spot_img

​ការ​ចម្រើន​លូតលាស់​ឬក៏​វ​ឌ្ឍ​ភាព​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា នា​រយ​:​ពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ គឺ​ពិតជា​បានមកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​អ្នកដឹកនាំ​ប្រទេស​អស់ពី​កម្លាំងកាយ​បញ្ញា​នៃ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ប្រធាន CPP និង​ជា​នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​មកពី​ការបោះឆ្នោត តាម​អាណត្តិ ៥​ឆ្នាំ​ម្តងៗ តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស​។​

​ទោះបីជា​មានការ​ចម្រើន​លូតលាស់ តែ​យើង​ក៏​ត្រូវតែទទួលស្គាល់​ដែរ​ថា អវិជ្ជមាន អសកម្ម ស្ពឹក​ស្រពន់ ឬ ប្រជាជន​កម្ពុជា​ហៅ​យ៉ាង​ចំៗ​ថា ពុករលួយ មន្ត្រី​ពុករលួយ អំពើពុករលួយ អាងខ្នង អាង​ខ្សែ បក្ខពួកនិយម ខ្សែ​គេ ខ្សែ​យើង ។​ល​។ គឺ​ពិតជា​ការបង្កើតឡើង​នូវ​ភាព​ថ្នាំងថ្នាក់​របស់​ពលរដ្ឋ​មកលើ​ការដឹកនាំ​របស់​បក្ស​កាន់អំណាច CPP ដោយ​ចៀស​ពុំបាន​ឡើយ រីឯ​អំពើពុករលួយ​នោះ​ទៀតសោត ក៏បាន​ធ្វើ​ឲ្យ​មហាជន ប្រជាជន រអើម ព្រមទាំង​ក្លាយទៅជា​លេស សម្រាប់​អគតិ​ជន និង​ម​ជ្ឍ​ដ្ឋា​ន​ជំទាស់​នឹង​ការដឹកនាំ​គ្រប់គ្រង​ប្រទេស របស់ រាជរដ្ឋាភិបាល​កម្ពុជា យកទៅ បំប៉ោង​បន្ថែម វាយប្រហារ​យ៉ាង​ចាស់ដៃ​មកលើ​អ្នក​ខិតខំ​ធ្វើ ដែល​រមែងតែ​ទទួល​នូវ​កំហុស​ជា​ដរាប​។

​ប្រសិនបើ​អ្នកនោះ អង្គុយចាំតែ​មើល​នៅក្នុង​ស្ថានភាព​រិះគន់​ដើម្បី​កំទេច​ប្រហារ មិនមែន​រិះគន់​ដើម្បី​ចូលរួម​កែលម្អ​ស្ថាបនា​ទេនោះ ពួកគេ ឬ​ក្រុម​ជំទាស់ និង អគតិ​ជន​និយម​ទាំងនោះ នឹង​នៅតែ​បន្ត​វាយប្រហារ​រឿង​សេដ្ឋកិច្ចសង្គម​កម្ពុជា ដោយ​លើក​យកតែ​ជ្រុង​អសកម្ម​ខ្លះ​នៃ​សង្គមជាតិ តាមរបៀប​មើល​តែ​ដើមឈើ​មួយ​ដើមៗ ដោយ​ពុំ​មើល​ព្រៃ​ទាំងមូល​នោះឡើយ​។​

​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុងស្ថានភាព​មុន​វិបត្តិ​កូ​វីដ​-១៩ នា​ដើមឆ្នាំ​២០១៩ សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន​ខ្ពស់​ដល់​ទៅ ៧,១% ប៉ុន្តែ​នៅ​ឆ្នាំ​២០២០ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​នាំឱ្យ​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ ហើយ​សេដ្ឋកិច្ចកម្ពុជា​ក៏​ធ្លាក់ចុះ​ដែរ បន្ទាប់ពី​សម្រេច​កំណើន​ខ្ពស់​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយនេះ​។​

​ក្នុងស្ថានភាព​ដែល​សេដ្ឋកិច្ច​ធ្លាក់ចុះ​បែបនេះ យើង​កាន់តែ​ត្រូវ​ប្រុងប្រយ័ត្ន​នឹង​បាតុភាព មិន​ស្អាតស្អំ មិន​សុចរិត​ភាព របស់​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កាតព្វកិច្ច​បង់ពន្ធដា​រ របស់ ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក និង​អន្តរជាតិ ព្រមទាំង​កាន់តែ​ត្រូវ​ប្រុងប្រយ័ត្ន​បន្ថែមទៀត​នូវ​ការកែ​បន្លំ យក​ទ្រព្យសម្បត្តិ​រដ្ឋ​ទៅធ្វើជា​ទ្រព្យសម្បត្តិ​ឯកជន រឹតតែ​ធ្វើឱ្យ​ក្រុមមនុស្ស​ដែល​បង្ក​ហានិភ័យ វាយប្រហារ​មកលើ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បន្ថែមទៀត បន្ទច់បង្អាក់​ដល់​ដំណើការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​។​

​យើង​សូម​រំលឹក​ឡើងវិញ​នូវ​ប្រសាសន៍​របស់ សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន គណបក្ស​ប្រជាជន​កម្ពុជា ឧបនាយករដ្ឋមន្ត្រី មន្ត្រី​ក្រសួងមហាផ្ទៃ ដែល​លោក​ធ្លាប់បាន​លើកឡើង​នៅឯ​ពិធី​បិទ​សន្និបាទ​ប្រចាំឆ្នាំ​២០១៩ និង​ទិសដៅ​ឆ្នាំ​២០២០ របស់​ខេត្ត​ព្រះ​ស៊ី​ហ​នុ​ថា “ ទ្រព្យសម្បត្តិ​រដ្ឋ ត្រូវ​ទុក​បម្រើ​ប្រយោជន៍​រដ្ឋ និង​ប្រជាជន ” ប្រសាសន៍​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​បរិបទ​សង្គម ដែលថា​កន្លងមក ពិតជា​មានការ​គប់គិត​គ្នា ជា​ប្រព័ន្ធ ជា​ក្រុម ក្នុងការ​បន្លំ​យក​ទ្រព្យ សម្បត្តិ​រដ្ឋ ជាពិសេស​ដីធ្លី អចល​ទ្រព្យ ជា​សម្បត្តិ​ផ្ទាល់ខ្លួន ទាំងនោះ​ហើយ​ដែលជា​ផ្នែក​មួយ​នៃ អំពើពុករលួយ​របស់​បុគ្គល​ដែល​ផ្ទុយ​ទាំងស្រុង​ពី​កម្មវិធី​នយោបាយ​រស់ CPP ក្នុង​ការសន្យា​ជាមួយនឹង​ម្ចាស់ឆ្នោត​។​

​ការ​រឹតបន្តឹង​ដោយ​ប្រើ​គ្រប់​វិធីសាស្ត្រ​ដើម្បី​ឲ្យ​មនុស្ស​រាងចាល​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ គឺ​ត្រូវតែ​ធ្វើឡើង​តាម​យន្តការ​ច្បាប់​ជា​ធរមាន ដែល​បានប្រគល់​ដាវ​អ​ជ្ញា​សឹក​ទៅកាន់​ក្រសួង​អធិការកិច្ច ដែលមាន លោកជំទាវ ម៉ែន សំអន ស្ត្រី​ទី​១​នៃ CPP និង​ជា​ឧបនាយករដ្ឋមន្ត្រី ស្ត្រី​តែមួយ​រូប​គត់​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា​ព្រមទាំង​ជា​រដ្ឋមន្ត្រីក្រសួង​នេះ​, ឯកឧត្តម តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​អនុវត្តន៍​ច្បាប់​ប្រឆាំង​អំពើពុករលួយ ដែលមាន ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឳ​ម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​។​

​គណៈបក្ស​ប្រជាជន​កម្ពុជា​ដែល​ចាប់បដិសន្ធិ​ឡើង កាលពី​ប្រមាណ​ជិត​៧០​ឆ្នាំមុន ពី​សំណាក់​វរជន​ស្នេហា​ជាតិ ស្អាតស្អំ​និយម រស់នៅ​ដឹង​សុខ ដឹង​ទុក្ខ ជាមួយ​ប្រជាជន​នា​គ្រប់ សម័យកាល ជាពិសេស សម្តេច​តេ​ជោ​ហ៊ុន សែន ប្រមុខ​ដឹកនាំ CPP បច្ចុប្បន្ន ដែល​បានប្រសូត​ចេញពី​ចលនា​ស្នេហា​ជាតិ សង្គ្រោះ​ជាតិ ចេញពី​របប​ប្រល័យ​ពូជ​សាស៍ ហើយ​បាន​កសាង​ជាតិ​ឡើងវិញ តាម​មាគ៌ា តម្កើង​សុចរិត​ភាព តម្កើង​ភាព​ស្អាតស្អំ តម្កើង​មន្ត្រី​បក្ស​ស្អាតស្អំ ដាក់ទណ្ឌកម្ម​មន្ត្រី​បក្ស មិន​ស្អាតស្អំ មិន​សុចរិត បាននិងកំពុង​កំណត់​ចេញ​នូវ​ទិសដៅ​ការងារ​របស់ខ្លួន​នា​ឆ្នាំ​២០២១ ក្នុង​រឿង​កំណែទម្រង់​យុត្តិធម៌ ដោយ​ឈរលើ​មូលដ្ឋាន​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់ និង​សុចរិត​ភាព តាម​ឋានានុក្រម​ការងារ “ ធ្វើ​រឿង​ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ ” ។​

​ការលើកតម្កើង​ភាព​ស្អាតស្អំ សុចរិត​ភាព គប្បី​ធ្វើឡើង​ដោយ​កម្លាំង​សង្គម​សរុប​គ្មាន​ការលើកលែង អត់​ឳ​ន អភ័យឯកសិទ្ធិ រួចផុត​ពិការ​ស៊ើបអង្កេត​ប្រឆាំង​អំពើពុករលួយ​ចំពោះ​ជន​ណាក៏ដោយ​ចុះ ប៉ុន្តែ​ការលើកតម្កើង​នេះ ត្រូវធ្វើឡើង​តាមរបៀប​ភ្លៀងរលឹម មិនមែន​តាមរបៀប​ភ្លើងចំបើង ឬ​ក៏៏​ធ្វើឡើង​តែ​តាម​រដូវ​កាល ឬ​ឱ្យតែ​ការ​ឆ្នោត​ខិតជិត​មកដល់ បានធ្វើ​នោះទេ​។​

​យើងទាំងអស់គ្នា​ពោល គឺ​កម្លាំង​សរុប​នៃ​សង្គមជាតិ ត្រូវតែ​ប្រែក្លាយ​ការ​ស្អប់ខ្ពើម​អំពើពុករលួយ​តាមបែប​ទ្រឹស្តី​និយម និយាយ​ឲ្យ​ពីរោះ​ស្តាប់ យកចិត្ត​ថ្លើម​បែប​ប្រជា​ភិ​ថុ​ត ទៅជា​ការរួម​កម្លាំង​សាមគ្គីភាព ឯកភាព​ជាតិ​ជា​ធ្លុង​មួយ អនុវត្ត​និន្នាការ​ស្នូល​ទាំង​៣​នៃ​ការ​ប្រឆាំងនឹង​អំពើពុករលួយ​នោះ គឺ​មួយ​ការអប់រំ ពីរ​គឺ​ការបង្ការ និង​បី គឺ​ការទប់ស្កាត់​, ដូច​ពាក្យស្លោក​អប់រំ ថា ” បង្ការ និង​ទប់ស្កាត់​អំពើពុករលួយ ” គប្បី​យកពាក្យ​ស្លោក​នេះ​បិទ​នៅតាម​ទីសាធារណៈ ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន​នានា ដូចជា​ពាក្យស្លោក ” អរគុណ​សន្តិភាព ” អ៊ីចឹង​ដែរ​។ មន្ត្រី​ធំ​ត្រូវធ្វើ​គំរូ​ស្អាតស្អំ​ជូន​មន្ត្រី​មធ្យម ហើយ​បន្តបន្ទាប់​មកទៀត គឺ​បុគ្គល​សាធារណៈ​ត្រូវធ្វើ​គំរូ​ស្អាតស្អំ​ដល់​ពលរដ្ឋ​ទូទៅ ដែល​មិនមែនជា​បុគ្គល​សាធារណៈ​។​

​យើង​សូម​ថ្លែង​នូវ​ការកោតសរសើរ ជូន​ចំពោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល មាន​សកម្ម​ភាពរស់រវើក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​នា​ឆ្នាំ​២០២០​កន្លងមក ដោយបាន​វះកាត់​ស្រាយ​នូវ​សកម្មភាព​អសកម្ម​នានា ជាអាទិ៍ ករណី​រំលោភបំពាន​សិទ្ធិអំណាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រជាជន ត្រូវបាន​ជំរុញ​អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់ ដោយ​មិនមាន​ការរើសអើង និង​មិនមាន​ការលើកលែង ក្នុងនោះ​មាន​មន្ត្រីរាជការ​មួយចំនួន​ទទួល​នូវ​ការព្រមាន ដកហូត​មុខតំណែង ឬ បញ្ជូនទៅ​តុលាកា ដូចជា ករណី​នៅ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ស្រុក​កោះរ៉ុង ស្រុក​កោះ​ញែក និង​ផ្នែក​ផ្សេងៗ​ទៀត​ជាច្រើន​, រីឯ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​មន្ត្រី​ដែល​ជាប់​កាតព្វកិច្ច​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក៏ត្រូវ​បាន​រំលឹក និង​អនុវត្តន៍​យ៉ាង​ទៀងទាត់​ជាប់​ជាប្រចាំ​ផងដែរ​។​

​ការដាក់ទណ្ឌកម្ម​លើ​មន្ត្រី ឬ បុគ្គល​ពុករលួយ​តាម​គ្រប់​បែបបទ និង​គ្រប់​វិធីសាស្ត្រ ដើម្បី​ឲ្យ​គេ​រាងចាល កែប្រែ​ខ្លួន​មកជា​មន្ត្រី​ស្អាតស្អំ សុចរិត មានកេរ្តិ៍ឈ្មោះ​ល្អ​វិញ​នោះ ជា​រឿង​មួយ​ដែល​ត្រូវតែ​ធ្វើ​ហើយ​, ប៉ុន្តែ​ចំពោះ​មន្ត្រី​ល្អ សុចរិត វិញ យើង​គួរតែ​ស្វះ​ស្វែងរក​វិធីសាស្ត្រ​នានា ក្នុងការ​លើកតម្កើង​កេរ្តិ៍ឈ្មោះ មន្ត្រី​ស្អាតស្អំ​សុចរិត ដែល​ខិតខំ​បម្រើ​ប្រយោជន៍​ជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈ​ការជូន​រង្វាន់​លើកសរសើរ ជា​ប្រាក់កាស សម្ភារៈ ដំណើរ​សម្រាក​កម្សាន្ត តម្លើង​យស​ស័​ក្កិ ផ្សព្វផ្សាយ​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​របស់​ពួកគាត់​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ តាមតែ អាចធ្វើ​ទៅបាន​។​

​អ្នក​សារពត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ការកោតសរសើរ មន្ត្រី​ស្អាតស្អំ ទន្ទឹមគ្នា​នឹង​ធ្វើជា​កញ្ចក់​ដ៏​ល្អ​សម្រាប់​ឲ្យ​សង្គម ឆ្លុះ​បង្ហាញ​ក្នុង​ដំណើរ​ការវែកមុខ បកអាក្រាត​ជន​ពុករលួយ​តាម​ក្រមសីលធម៌ វិជ្ជាជីវៈ​សារពត៌មាន ដ៏​ថ្លៃថ្នូរ​នេះ​ផង ពោលគឺ​ពុំមែន​ជាការ​វាយប្រហារ​ដាក់​មួ​យ​លេខ​ជា​ថ្នូរ​នឹង​ការរក​លាភសក្ការៈ​ផ្ទាល់ខ្លួន ឬ​ផ្ទាល់​ក្រុម​ខ្លួន​នោះទេ​។​

​តាម​បទពិសោធន៍​ជាក់ស្តែង នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ គឺ​មានតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សុចរិត​ស្អាតស្អំ​នោះទេ ដែល​ជន​ពុករលួយ​ញញើត​ខ្លាចរអា ប៉ុន្តែ​សូម​កុំភ្លេចថា ផ្លូវ នៃ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​វែងឆ្ងាយ​ប្រកបដោយ​ឧ​ប​ស័គ្គ ដោយ​ត្រូវតែ​ធ្វើតាម​របៀប បំផុស​ឲ្យ​ចលនា​មហាជន​ចូលរួម​ដោយ​សុទ្ធចិត្ត​ឲ្យ​បាន​គ្រប់ៗ​គ្នា ស្រុះស្រួល​មូលមតិ​គ្នា ដោយ​ឥត​មើលបំណាំ​តាមរបៀប​ប្រើពាក្យ​ពេចន៍ ដៀលត្មះ ឳ​ន​ថយ ឧត្បាត​បំផ្លាញ​សង្គមជាតិ​ថា “ ទូល​ផែនដី​ម្នាក់ ឯង​មិន​រួច​ទេ “ នោះឡើយ​។​

​មានតែ​ការបន្ត​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ បន្ត​ពង្រឹង និង​ពង្រីក​វិសាលភាព​នៃ​ការផ្សព្វផ្សាយ​អប់រំ និង​ការអនុវត្តន៍​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ដើម្បី​ធ្វើ​ឲ្យ​សង្គមជាតិ​មាន ភាព​ស្អាតស្អំ និង​សុចរិត​ភាព យើងទាំងអស់គ្នា ត្រូវ​រក​គ្រប់​វិធីសាស្ត្រ​ដើម្បី​ដោះបំណុល​ជាតិ តាមបែប​មិន​ព្រម​ដូរ អធិបតេយ្យភាព​ជាតិ ទៅនឹង​គំនាប​បរទេស​នោះឡើយ​, បែបនេះ នឹង​បង្កើន​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន​មកលើ​បក្ស​កាន់អំណាច​ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​ផង និង​កិត្យានុភាព​របស់​បក្ស​កាន់អំណាច​លើ​ផ្ទៃរាប​ជាតិ និង​ផ្ទៃរាប​អន្តរជាតិ​ផង​៕ រក្សា​សិទ្ធិ​ដោយ ៖ មជ្ឈមណ្ឌល​ព័ត៌មាន CEN​

    

spot_img
×