ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសារលើផេកហ្វេសប៊ុកផ្លូវការ ប្រតិកម្មនឹងសេចក្តីថ្លែងការណ៍រួមមួយរបស់ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចាCamboJA) ដែលទាមទារឱ្យព្រះរាជអាជ្ញាបង្ហាញភស្តុតាង និងទម្លាក់ចោលការចោទប្រកាន់លើអ្នកកាសែត The Cambodia Daily ២រូប។
សូមបញ្ជាក់ថា អ្នកសារព័ត៌មាន និង អង្គការ សូមអំពាវនាវឱ្យតុលាការ ពនឿនដំណើរការ -សមាគមអ្នកសារព័ត៌មានចំនួន៣ ដែលបានចុះហត្ថលេខា សូមអំពាវនាវឲ្យតុលាការពន្លឿនដំណើរការក្តីករណីអតីតអ្នកកាសែត ឌឺ ខេមបូឌា ដេលី លោក អួន ភាព និង លោក Zsombor Peter។ យើងសូមអំពាវនាវដល់ព្រះរាជអាជ្ញា ឱ្យបង្ហាញភស្តុតាងដែលអាចបញ្ជាក់ថា អ្នកកាសែតទាំងពីរ នាក់មានពិរុទ្ធក្នុងបទចោទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទី ” ឬ បើមិនដូច្នេះទេ សូមទម្លាក់ចោលពាក្យប្តឹង ឧទ្ធរណ៍ដែលស្នើឱ្យបន្តរឿងក្តីនេះ។
លោក គឹម សន្តិភាព បានផ្ញើសារជូនខមបូចាពិចារណាឡើងវិញ! ការផ្សាយព័ត៌មានដោយមិនលំអៀង គឺជារឿងត្រឹមត្រូវ តែសំខាន់ តើព័ត៌មានមុនហ្នឹងផ្សាយមានបានផ្ទៀងផ្ទាត់ដែរឬទេ? សូមជម្រាបជូនឲ្យបានច្បាស់លាស់ថា៖
១-ការទាមទារឲ្យព្រះរាជអាជ្ញាបង្ហាញភស្តុតាង ឬតុលាការទម្លាក់ចោលបទចោទប្រកាន់ របស់ខមបូចា គឺជាទម្រង់មួយនៃការប៉ុនប៉ងជ្រៀតជ្រែក ចូលក្នុងកិច្ចការរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យរបស់ខ្មែរ!
២-ជនត្រូវចោទ ឬជនជាប់ចោទ មានសិទ្ធិដឹងអំពីបទចោទប្រកាន់មកលើខ្លួន, មានសិទ្ធិពឹងពាក់មេធាវីការពារខ្លួន ហើយមេធាវីមានសិទ្ធិដឹងអំពីសំណុំរឿង និងកិច្ចដំណើរការសំណុំរឿង!
៣-ខមបូចា ដែលតាំងខ្លួនជាអ្នកពូកែ ជួយប្រាប់មើល តើនៅស្រុកណា ដែលព្រះរាជអាជ្ញា ត្រូវយកភស្តុតាងនៃសំណុំរឿងមកបង្ហាញខមបូចា មុននឹងដំណើរការចោទប្រកាន់ ឬត្រូវទៅរាយការណ៍ជូនខមបូចា ដំណើរការនីតិវិធី?
លោក បានបញ្ជាក់ថា តាមពិត អ្វីដែលខមបូចា ត្រូវធ្វើមុនដំបូងគេបង្អស់ ហើយក៏ជាអ្វីដែលខមបូចា ត្រូវឆ្លើយដោយខ្លួនឯងអោយបានច្បាស់ គឺថា តើខមបូចា បានអនុវត្ត និងបានបំពេញគ្រប់តាមលក្ខខណ្ឌនៃច្បាប់កម្ពុជាដែរ ឬទេ? ទន្ទឹមនេះមានគេជាច្រើនសួរខ្ញុំថា តើដំណើរការរបស់ខមបូចាបច្ចុប្បន្ននេះ ទទួលបានប្រភពថវិកាពីខាងណាជាអ្នកគាំទ្រនោះ? សង្ឃឹមថាចម្ងល់ខាងលើនឹងមានចម្លើយទៅចុះ!
បើតាមសេចក្តីថ្លែងការណ៍ ទម្លាក់ បទចោទលើអតីតអ្នកយកព័ត៌មានកាសែត ឌឺ ខេមបូឌា ដេលី នៅថ្ងៃព្រហស្បតិ៍ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ ករណីនេះបានអូសបន្លាយពេលជាយូរណាស់ មកហើយ ដែលបានបង្កផលប៉ះពាល់ដល់ការងារ និងការរស់នៅរបស់ អ្នកកាសែតទាំងពីរនាក់។ ចាប់តាំងពីពេលមានពាក្យបណ្តឹងមកលើពួកគាត់កាលពីជាងបីឆ្នាំមុន ពុំមានភស្តុតាង បញ្ជាក់ថាពួកគាត់ទាំងពីរនាក់មានកំហុស ឬ ពិរុទ្ធនោះឡើយ។ យើងជឿជាក់ថា អតីតអ្នកយកព័ត៌មានរបស់ កាសែត ឌឹ ខេមបូឌា ដេលី លោក អូន ភាព និងលោក Zsombor Peter ដែលជាអតីតនិពន្ធនាយករងនៃកាសែត នេះគឺជាគោលដៅនៃយុទ្ធនាការនៃការយាយី និង ការបំភិតបំភ័យតាមផ្លូវតុលាការដែលមិនមានការបង្ហាញភស្តុតាងផ្លូវច្បាប់ត្រឹមត្រូវ។
ដូចដែលបានចែងក្នុងច្បាប់របស់កម្ពុជានិងច្បាប់អន្តរជាតិ អ្នកសារព័ត៌មានទាំងឡាយគឺគ្មានទោស រហូតទាល់តែ ត្រូវបានរកឃើញ និងបង្ហាញភស្តុតាងយ៉ាងច្បាស់ ថាមានពិរុទ្ធ ហើយអស់រយៈពេលជាង៣ឆ្នាំហើយ តុលាការ បរាជ័យក្នុងបង្ហាញភស្តុតាងបញ្ជាក់អំពីពិរុទ្ធភាពរបស់ពួកគាត់ទាំងពីរនាក់។ កាលពីខែវិច្ឆិកា សាលាដំបូងខេត្តរតនគិរី បានទម្លាក់ចោលការចោទប្រកាន់លើពួកគាត់ ខណៈដើមបណ្តឹងបានដកពាក្យបណ្តឹងរបស់គាត់វិញ។ ហេតុអ្វីបាន ជាព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការ?
អ្នកកាសែតទាំងពីរបានរងការធ្វើទុក្ខបុកម្នេញចំពោះការងារចុះរាយការណ៍ព័ត៌មាននៅឆ្នាំ២០១៧ ដើម្បីសម្ភាសន៍ ពលរដ្ឋអំពីការបោះឆ្នោតកាលឆ្នាំនោះ។ វាគឺជាការវាយប្រហារទៅលើអ្នកកាសែតដែលបានឈ្នះពានរង្វាន់ទាំងពីរនាក់ និងទៅលើវិជ្ជាជីវៈរបស់យើងជាអ្នកសារព័ត៌មាន ក៏ដូចជាសេរីភាពសារព័ត៌មាននៅកម្ពុជា ក្រោមការអះអាងថា ជាការអនុវត្តច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ