កំពង់ចាម ៖ នាថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចាត់ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ការដឹកនាំដោយលោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចុះយកសំណាកបងប្អូនប្រជាពលរដ្ឋ ជាមុខសញ្ញាដែលពាក់ព័ន្ធនឹងករណីបុរសជនជាតិខ្មែរ ១នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ដែលបានមកចូលរួមក្នុងពិធីមង្គលការក្មួយ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។
គួរបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរកឃើញបុរសម្នាក់ដែលបានមកចូលរួមក្នុងពិធីមង្គលការ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស មានផ្ទុកជំងឺកូវីដ-១៩។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ និងបានរៀបចំទីតាំងសម្រាប់ពិនិត្យសុខភាព យកសំណាក ចំនួន២ កន្លែង គឺនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស និងនៅមណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ នៅភូមិស្វាយកណ្តាល ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ។
ឯកឧត្តមអភិបាលខេត្ត បានក៏សូមអំពាវនាវ ដល់អ្នកដែលបានមកចូលរួមក្នុងមង្គលការ និងអ្នកពាក់ព័ន្ធនៅស្រុកកងមាស ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅទីតាំងចំនួន២កន្លែង ដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំ។ ដោយឡែកចំពោះបងប្អូនដែលមិនស្ថិតក្នុងស្រុកទាំងពីរខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅតាមមណ្ឌលសុខភាព នៅជិតកន្លែងបងប្អូនស្នាក់នៅ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តខ្ជាប់ខ្ជួននូវវិធានការការពារ ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងបុរសខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺដ៏ប្រល័យនេះ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម បានឲ្យដឹងថា មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដឹកនាំដោយលោក វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យ កំពុងយកសំណាកប្រជាពលរដ្ឋនៅភូមិកោះតូច ឃុំពាមជីកងប្រមាណ៦០នាក់ រួចបន្តទៅយកសំណាកប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមប្រមាណជាង១០០នាក់ទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានចាត់មន្ទីរសុខាភិបាលខេត្ត ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាប្រជាពលរដ្ឋដែលពាក់ព័ន្ធ អាពាហ៍ពិពាហ៍នៅស្រុកកងមាស កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីបានរកឃើញបុរសម្នាក់ចូលរួមពិធីមង្គលការមានផ្ទុកមេរោគកូវីដ-១៩។
រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលខេត្ត ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាប្រជាពលរដ្ឋដែលពាក់ព័ន្ធ អាពាហ៍ពិពាហ៍នៅស្រុកកងមាស កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីបានរកឃើញបុរសម្នាក់ចូលរួមពិធីមង្គលការមានផ្ទុកមេរោគកូវីដ-១៩។
រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម ពិសេសប្រជាពលរដ្ឋនៅស្រុកកងមាស ខេត្តកំពង់ចាម ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ ពាក់ព័ន្ធនឹងហេតុការណ៍នេះ មានបុរសជនជាតិខ្មែរ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានមកចូលរួមអាពាហ៍ពិពាហ៍ក្មួយ។ បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរកឃើញបុរស ម្នាក់ដែលបានមកចូលរួមក្នុងពិធីមង្គការនេះមានផ្ទុកជំងឺកូវីដ -១៩។ រដ្ឋបាលខេត្ត បានចាត់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ឱ្យដឹកនាំមន្ត្រីចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ក្នុងនោះ អ្នកពាក់ព័ន្ធរួមមាន ៖
១-ឪពុក – ម្ដាយកូនក្រមុំ ដែលបន្ទាប់ពីថ្ងៃមង្គលការរួច បានត្រឡប់ទៅរាជធានីភ្នំពេញវិញ និងស្នាក់ នៅម្តុំក្រោយមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។
២-ឪពុក-ម្ដាយកូនកំលោះ បានត្រឡប់ទៅស្រុកវិញ នៅភូមិត្រពាំងល្បើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។
៣-កូនកំលោះកូនក្រមុំ និងអ្នកកំដរ បានត្រឡប់ទៅភ្នំពេញវិញ។
៤-អ្នករួមតុជាមួយផ្ទាល់ ៖ មានក្រុមអ្នកសំអាងការ និងអ្នកថតរូប រស់នៅភូមិព្រៃទទឹង និងភូមិ វាលស្បូវ ឃុំឫស្សីស្រុកស្រុកស្រីសន្ធរ ព្រមទាំងប្រជាពលរដ្ឋចំនួន០២នាក់ផ្សេងទៀត រស់នៅភូមិ ដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ។
៥-ចុងភៅ អ្នកលើកម្ហូប និងមេចុងភៅ រស់នៅភូមិត្រើយបឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ។
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវ ដល់អ្នកដែលបានមកចូលរួមក្នុងមង្គលការ និងអ្នកពាក់ព័ន្ធនៅស្រុកកងមាស ទៅពិនិត្យ សុខភាព និងយកសំណាកនៅទីតាំងដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស។ ចំពោះស្រុកស្រីសន្ធរ មកពិនិត្យសុខភាព យកសំណាក នៅមណ្ឌលសុខភាព ស្វាយខ្សាច់ ភ្នំ នៅភូមិស្វាយកណ្តាល ឃុំស្វាយខ្សាច់ ភ្នំ ស្រុកស្រីសន្ធរ។ ដោយឡែកចំពោះបងប្អូនដែល មិនស្ថិតក្នុងស្រុកទាំងពីរខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅតាមមណ្ឌលសុខភាព នៅជិតកន្លែងបងប្អូនស្នាក់នៅ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្ត អនុវត្តខ្ជាប់ខ្ជួននូវវិធានការការពារដោយឡែកបងប្អូន៍ដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងបុរសខាងលើ ត្រូវតែអនុវត្តិយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺដ៏ប្រល័យនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ






