ភ្នំពេញ៖ គេមិនបានដឹងថា នរណាជាអ្នកនៅពីក្រោយខ្នងនៃការរៀបចំសណ្តាប់ធ្នាប់នៅក្នុងអាណាចក្រខណ្ឌដូនពេញនោះទេ ដោយសារតែការចុះរៀបចំសណ្តាប់ធ្នាប់ហាក់ធ្វើឡើងចុងដៃ ចុងជើងមិនត្រូវចំគោលដៅដែលត្រូវធ្វើផងនោះ ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៨កុម្ភៈនេះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់បទបញ្ជាអោយអាជ្ញាធរខណ្ឌដូនពេញចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈដែលក្រុមអ្នករកស៊ីគួកជេរថយន្ត បានយករថយន្តរបស់ខ្លួនទៅចតលើចិញ្ចើមផ្លូវ ទ្រូវផ្លូវយ៉ាងអាណាធិបតេយ្យ ។ ក្រោយពីមានបទបញ្ជាពីអាជ្ញាធររាជធានីភ្នំពេញ គេឃើញសន្តិសុខសាលាខណ្ឌដូនពេញប្រមាណ៧ទៅ៨នាក់និងរថយន្តមួយគ្រឿងបានចុះទៅរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយមិនមានអ្នកដឹកនាំលើការងារនេះអោយបានច្បាស់លាស់ឡើយ ពោលគឺបំពេញការងារដូចបាយឡុក បាយឡ មិនមានភាពទទួលខុសត្រូវឡើយដោយបំពេញលើការងារនេះមិនបានប្រមាណ១៥នាទីផងក៏បាននាំគ្នាទៅវិញអស់ ដោយមិនបានចាប់រថយន្តមួយគ្រឿងណាឡើយ ។
គេបានមើលឃើញថា នៅក្នុងខណ្ឌដូនពេញនេះ ពិសេសនៅតំបន់ជិតៗរមណីយដ្ឋានវត្តភ្នំពេញ ពិសេសនៅក្នុងសង្កាត់ស្រះ ចក និងសង្កាត់វត្តភ្នំពោលគឺក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បំបាត់មិនអោយយកទីលានប្រជាធិបតេយ្យចាស់ចតរថយន្តទៀតនោះ គេឃើញ ក្រុមអ្នកគួរជេរថយន្តបានយករថយន្តរបស់ខ្លួនទៅចតលើចិញ្ចើមផ្លូវ លើទ្រូវផ្លូវយ៉ាងអាណាធិបតេយ្យ ហាក់មិនខ្លាចការមានវិធានការពីអាជ្ញាធរឡើយ។
ជុំវិញបញ្ហានេះ ក្រុមអ្នកព័ត៌មានបានសួរនាំទៅបងប្អូនអ្នកគួកជេរថយន្តមួយចំនួន ហើយត្រូវបានពួកគាត់និយាយថា ការចតរថយន្តលើចិញ្ចើមផ្លូវ លើទ្រូវផ្លូវ មិនមែនចេះតែចតបានងាយៗនោះទេ បើមិនមានប្រាក់បង់អោយអាជ្ញាធរមូលដ្ឋាននោះ ។
ជុំវិញការចោទប្រកាន់ពីបងប្អូនអ្នកគួកជេរថយន្តថា បានបង់លុយអោយអាជ្ញាធរជាថ្នូរនៃការចតរថយន្តដោយរលូននោះ អ្នកយកព័ត៌មានយើងមិនអាចសួរនាំ និងសុំការពន្យល់ពីអាជ្ញាធរខណ្ឌដូនពេញបានឡើយ ដោយអ្នកដែលចុះធ្វើការងារនេះនៅលើកំណាត់ផ្លូវ៤៧ កាលពីព្រឹកថ្ងៃទី ២៨ កុម្ភៈនេះ ជាសន្តិសុខតូចតាចដែលមិនបានដឹងរឿង ចំណែកមន្ត្រី អភិបាលរង អភិបាលខណ្ឌមិនបានដឹកនាំការងារនេះឡើយ ហាក់បីដូចជាបទបញ្ជារបស់អាជ្ញាធររាជធានីភ្នំពេញ មិនសំខាន់ ដែលមិនគួរយកចិត្តទុកដាក់៕ ដោយ៖កូឡាប