ខេត្តបាត់ដំបង៖ ទទួលបានការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អមដោយឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ បានដឹកនាំក្រុមការងារមន្រ្តីបច្ចេកទេសក្រោមឱវាទអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ចុះពិនិត្យទីតាំងនិយាមកាបោះបង្គោលព្រំ និងស្ថានភាពព្រៃលិចទឹកក្នុងតំបន់៣ ស្ថិតក្នុងទីតាំងភូមិសាស្រ្តស្រុកម៉ោងឫស្សី ស្រុកសង្កែ និងស្រុកថ្មគោល ខេត្តបាត់ដំបង ។
សូមជម្រាបថា នៅក្នុងដំណើរបេសកកម្មខាងលើ រយ:ពេលពីរថ្ងៃរបស់ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាប ក៏មានការអញ្ជើញចូលរួមយ៉ាងផុលផុសពីមន្រ្តីអាជ្ញាធរខេត្ត តំណាងមន្ទីរជំនាញខេត្ត អាជ្ញាធរស្រុក ឃុំ ភូមិ និងសហគមន៍តាមទីតាំងភូមិសាស្រ្តពាក់ព័ន្ធផងដែរ ។ ខេត្តបាត់ដំបង មានស្រុកចំនួន ៤ និងឃុំចំនួន ១៨ ក្រោមផ្លូវជាតិលេខ ៥ ជាប់នឹងតំបន់បឹងទន្លេសាប ដែលមានចំនុចនិយាមកាបោះបង្គោលឡើងវិញសរុបចំនួន ១៧១ ក្នុងទំហំផ្ទៃដីព្រៃលិចទឹកសរុបប្រមាណជាង ១៩២ ៩១០.៨៨ ហិកតា ត្រូវតែការពារឱ្យខាងតែបាន ក្រោយការកាត់ឆ្វៀល និងកែសម្រួលព្រំឆ្នាំ២០២២-២០២៣ ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ ។ ជាមួយដំណើរបេសកកម្មនេះផងដែរ ក្រុមការងារ ក៏បានពិនិត្យឃើញថា ដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ត្រូវបានការពារ និងទប់ស្កាត់យ៉ាងម៉ឺងមាត់ ក្រោមចំណាត់ការ និងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការចូលរួម និងអនុវត្តបទបញ្ជាណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
សូមបញ្ជាក់ផងដែរថា ក្រោយពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើការរៀបចំធ្វើបច្ចុប្បន្នភាពផែនទី និងបោះបង្គោលតំបន់១ តំបន់២ និងតំបន់៣ ឱ្យបានត្រឹមត្រូវ និងសុក្រឹតភាព ក្នុងការគិតគូរយកចិត្តទុកដាក់ដល់ការថែរក្សា ការពារ និងគ្រប់គ្រងតំបន់ទន្លេសាបប្រកបដោយចីរភាព និងនិរន្តរភាពសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ ។ គិតមកត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរទន្លេសាប បានដំណើរការបោះបង្គោលព្រំតំបន់៣ ក្នុងភូមិសាស្រ្តខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប បានចំនួន ៣០% នៃចំនួនបង្គោលសរុបចំនួន ១២២៤ បង្គោល និងបានកំពុងតែបន្តជីករណ្តៅពន្លឿនការសាងសង់បង្គោល ដើម្បីឱ្យបានចប់ ១០០% តាមផែនការគ្រោងទុកមុនទឹកដំឡើងលិចដែនព្រៃលិចទឹកតំបន់៣៕រក្សាសិទ្ធដោយ ៖ សុទ្ធលី