ភ្នំពេញ ៖ ថៅកែលក់ឡេសាច់សខ្ចី ដែលល្បីអួតលក់ឡេមួយថ្ងៃបាន ១០ ទៅ ២០ ម៉ឺនដុល្លារ គឺកញ្ញា តេង ស៊ីណា ហៅអាជី កាលពីពេលកន្លងទៅនេះ ត្រូវបានមហាជនផ្ទុះការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងក្លា បន្ទាប់ពីខ្លួនបានដឹកនាំសម្តែងរឿងខ្លីមានចំណងជើងថា «ទុំទាវឆ្នាំ២០២១» ដែលធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃព្រះពុទ្ធសាសនា វប្បធម៌ ប្រពៃណី និងសីលធម៌សង្គម យ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាមិញ ក្រោយកំហឹងមហាជន បានផ្ទុះឡើង នោះនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ក៏បានសម្រេចឲ្យក្រុមសម្ដែងរឿង «ទុំទាវ ២០២១» ដែលមានកញ្ញា អាជី និងប្អូនស្រីកញ្ញា អាម៉ី ជាមេក្រុម ចូលខ្លួនមកចេញវីដេអូសុំទោសសាធារណៈ ទៅប្រជាពលរដ្ឋខ្មែរ និងធ្វើកិច្ចសន្យាចំពោះមុខច្បាប់ចំនួន ៨ ចំណុច ដើម្បីឲ្យរួចខ្លួន។
ប៉ុន្តែ ទោះយ៉ាងណា ចំណាត់ការធ្វើឡើងបែបនេះ របស់ក្រសួងវប្បធម៌ មហាជនពុំអាចទទួលយកបាននោះទេ ដោយជំរុញឲ្យក្រសួងយករឿងនេះមកចាត់ការតាមផ្លូវច្បាប់ជាថ្មី ដើម្បីឲ្យដូចទៅនឹងចំប៉ីខ្មៅ ដែលគ្រាន់តែជេរដៀលពូជសាសន៍ខ្មែរប៉ុណ្ណោះ ត្រូវជាប់គុក ២ ឆ្នាំ។
ដោយឡែក កាលពីពេលថ្មីៗនេះ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ កញ្ញា អាជី បានធ្វើឲ្យហ្វេនៗរបស់ខ្លួនមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំង ខណៈរូបនាងបានបង្ហោះសារយ៉ាងប្លែក លាឡាន Lexus 570 ជាទីស្រឡាញ់របស់ខ្លួនចាត់ទុកដូចកូនអ៊ីចឹង។ ក្នុងនោះ អាជី បានរៀបរាប់យ៉ាងកំសត់ថា៖ «លាហើយសំណព្វចិត្ត ម៉ាក់គ្មានលទ្ធភាពជិះកូនទៀតទេ ពេលនេះម៉ាក់ត្រូវឲ្យកូនទៅគេហើយ ម៉ាក់សូមទោសតែម៉ាក់គ្មានជម្រើសទេ អស់ហើយពេលនេះមិនសល់អ្វីទៀតទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










