ភ្នំពេញ ៖ បើទោះជាកូវីដ១៩ បានផ្ទុះឡើង ដែលបង្កើតជាព្រឹត្តិការណ៍ ២០ កុម្ភៈ និងកំពុងរីករាលដាលឆ្លងចូលសហគមន៍យ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលពុំបានការហាមឃាត់ការរៀបចំធ្វើពិធីមង្គលការនោះទេ ប៉ុន្តែ ម្ចាស់ដើមការនីមួយៗ ត្រូវតែអនុវត្តតាមវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងនោះគឺត្រូវរៀបចំគម្លាត តាមរយៈការកំហិតចំនួនភ្ញៀវមួយតុ១០នាក់ គឺត្រូវកាត់បន្ថយមកត្រឹម ៥ នាក់។
ដោយសារតែយល់ឃើញថា បច្ចុប្បន្ននេះ កូវីដ១៩ កំពុងផ្ទុះ និងបង្ការខ្លាចឆ្លងកាន់តែខ្លាំងឡើង នៅក្នុងសហគមន៍ ឃើញថា ក៏មានម្ចាស់ដើមការខ្លះបានផ្អាកពិធីការកូនរបស់ខ្លួន។ ប៉ុន្តែ ទន្ទឹមនេះផងដែរ ក៏នៅតែមានពិធីមង្គលការជាច្រើនទៀត នៅតែបន្តប្រព្រឹត្តទៅតាមធម្មតា ដោយមង្គលការខ្លះក៏មានភ្ញៀវ និងខ្លះទៀត ក៏មានតែតុអត់ភ្ញៀវផងដែរ។
ដោយឡែក ពិធីមង្គលការមួយនេះវិញ ដែលត្រូវបានដឹងថាស្ថិតនៅភូមិត្រើង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល គឺពិតជាគួរឲ្យស្រណោះខ្លាំងណាស់ ព្រោះថា ត្រូវបានអាជ្ញាធរមូលដ្ឋាន ចុះមកឲ្យរុះរោងការទាំងព្រឹកព្រលឹមជាបន្ទាន់ ដោយអនុញ្ញាតឲ្យធ្វើត្រឹមហែជំនួន និងកាត់សក់ បញ្ចប់កម្មវិធី។
ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនបានសម្តែងនូវក្តីអាណិតទៅដល់ម្ចាស់ដើមការយ៉ាងដូច្នេះថា៖ «អាណិតម្ចាស់ការណាស់, ចុះមកបិទអ៊ីចឹង ងាប់ម្ចាស់ដើមការហើយ, ហ៊ឹម, បើជ្រុលបានចេញច្បាប់ការឲ្យគ្នាហើយ តើចាំបាច់អីធ្វើដល់ថ្នាក់នេះលោកព្រះ? គ្នាបានចាប់ផ្ថើមហើយ ឲ្យគ្នាដល់ទីបញ្ចប់ផងទៅ ធ្វើអ៊ីចឹងដូចជាជ្រុលពេកហើយ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





