ភ្នំពេញ ៖ បើតាមការប្រកាសរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ១៩ ចំនួន៤០ម៉ឺនដូសដល់កម្ពុជា។
ស្ថានទូតចិនបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការថា «ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាបងប្អូនរបស់ចិន ក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា»។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ក្នុងស្រុកថា ជំនួយរបស់ចិន តាមរយៈក្រសួងការពារជាតិជំហានទី២នេះ នឹងមកដល់កម្ពុជា នៅមុនបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែពេលវេលាជាក់លាក់នៅមិនទាន់រៀបចំនៅឡើយទេ។ សម្តេចបានបន្តថា វ៉ាក់សាំងដែលចិនផ្តល់ជំនួយមកកម្ពុជានេះ គឺជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម។
សូមបញ្ជាក់ថា តាមរយៈសំណើរបស់ក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយវ៉ាក់សាំង Sinopharm ដល់កម្ពុជាចំនួន១លានដូស ក្នុងនោះការដឹកជញ្ជូនជំហានដំបូងចំនួន៦០ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



