ថ្មីៗនេះ មនុស្សម្នារាប់រយនាក់ ឡើងភ្លូកទឹកភ្លូកដី នាំគ្នាទៅកាន់ Tambon Huay Krachao ស្រុក Huay Krachao ខេត្ត Kanchanburi ប្រទេសថៃ ដើម្បីបានទស្សនាផ្ទាល់ភ្នែក និងក៏ដូចផឹកទឹករ៉ែមានរសជាតិប្លែកដូចសូដា ដែលបានផុសចេញពីអណ្តូងមួយ ក្រោយខួងដល់ជម្រៅជាង ៣០០ ម៉ែត្រ ហើយវាក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ។
ក្រោយព័ត៌មាននេះបានផ្ទុះឡើង អគ្គនាយកមន្ទីរធនធានទឹក Artesian លោក Sakda Wichiansin ក៏បានធ្វើដំណើរទៅកាន់ទីកន្លែងកើតហេតុ ដើម្បីពិនិត្យមើលអណ្តូងរ៉ែនោះ។
ឥឡូវនេះ ប្រជាពលរដ្ឋ និងក្រុមអ្នកទេសចរក្នុងតំបន់ អាចភ្លក្សរសជាតិទឹករ៉ែនេះ បន្ទាប់ពីត្រូវបានចម្រោះ។ ហើយវាក៏ត្រូវបានច្រកដាក់ដប សម្រាប់ចែកចាយឲ្យកាន់តែទូលំទូលាយផងដែរ។
តែទោះយ៉ាងណា ក្រោយពីបានឃើញអ្នកភូមិផ្អើលនាំគ្នាផឹកទឹករ៉ែបែបនេះ សាស្ត្រាចារ្យបណ្ឌិត Jedsada Denduangboriphan មកពីមហាវិទ្យាល័យវិទ្យាសាស្ត្រជូឡាឡុងកន បានសម្តែងការហួសចិត្ត ដោយលោកបានធ្វើការបញ្ជាក់ថា «កុំនាំគ្នាយកប្រភពទឹកសូដា» មកផឹក ព្រោះវាអាចផ្ទុកនូវសារធាតុកខ្វក់ និងមានគ្រោះថ្នាក់ដល់សុខភាព។
ជាក់ស្តែង តាមរយៈការបង្ហោះហ្វេសប៊ុករបស់អភិបាលខេត្ដកានច័ន្ទបូរី បានព្រមានថា “កាលពីម្សិលមិញខ្ញុំបានយកទឹកគំរូមួយ ហើយនៅពេលរក្សាទុកពេញមួយយប់ ទឹកប្រែទៅជាល្អក។ ពណ៌ត្នោត និងមានក្លិន ដូច្នេះខ្ញុំគិតថា នេះហាក់ដូចជាមិនល្អសម្រាប់សុខភាពទេ។”។
បច្ចុប្បន្ន ក្រុមមន្ត្រីពាក់ព័ន្ធ បានរៀបចំយាមកាម ២៤ ម៉ោង ដើម្បីឃ្លាំមើលប្រភពទឹក និងក៏ដូចការពារសុវត្ថិភាពទៅដល់បងប្អូនអ្នកទេសចរ ដែលបានមកកាន់តំបន់នេះ។
សូមបញ្ជាក់ថា អណ្តូងទឹក គឺនាយកដ្ឋានធនធានទឹក បានបង្កើតឡើងសម្រាប់បម្រើដល់ប្រជាពលរដ្ឋនៅភូមិចំនួន ១១ និងដីស្រែចម្ការ ៣ ពាន់រ៉ៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













