ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី 3 ខែមីនាឆ្នាំ ២០២១បានចេញផ្សាយព័ត៌មានផ្លូវការថា
អូស្ត្រាលីមានសេចក្តីរីករាយ ស្វាគមន៍ការមកដល់ដំបូងនៃវ៉ាក់សាំងរបស់ COVAX Advance Market Commitment (AMC) មកដល់កម្ពុជា។
អូស្ត្រាលីបានចូលរួមតាំងពីដំបូង ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការផ្តល់មូលនិធិ ទិញវ៉ាក់សាំងការពារពីជំងឺកូវីដ-១៩ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ការចាក់វ៉ាក់សាំងបានច្រើនទូលំទូលាយ នឹងជួយការពារមនុស្សគ្រប់គ្នាពីជំងឺកូវីដ-១៩។
រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ជំនួយ ចំនួន ៨០ លានដុល្លារអូស្ត្រាលី ដល់គំនិតផ្តួចផ្តើមរបស់ COVAX AMC ។ ជំនួយនេះជាជំនួយបន្ថែម លើជំនួយវ៉ាក់សាំងទ្វេភាគី ចំនួន ៣៥,៧ លានដុល្លារអូស្ត្រាលីដែលយើងនឹងផ្តល់ដល់ប្រទេសកម្ពុជា។
បើតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ៖ ” ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ ប្រទេសអូស្ត្រាលីមានមោទនភាពគាំទ្រមិត្តភក្តិ និងអ្នកជិតខាងរបស់យើង ទាំងក្នុងគ្រាល្អនិងអាក្រក់។ ថ្ងៃនេះពិតជាពេលវេលាដែលល្អមែន”៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

