កំពតៈ យុវជនម្នាក់បានស្លាប់ ក្នុងចំណោមមិត្តភក្តិបីនាក់ដែលព្យាយាមលោតទឹកគេចពីការដេញកាប់របស់ក្មេងទំនើងមួយក្រុមកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។ នេះបើតាមការអះអាងរបស់មិត្តភក្តិជនរងគ្រោះ។ សពត្រូវបានរកឃើញនារសៀលថ្ងៃដដែលនៅចំណុចក្រោមស្ពានកំពង់បាយ ក្រុងកំពត ខេយ្តកំពត។
តាមការប្រាប់ឱ្យដឹងពីមន្ត្រីនគរបាលក្រុងកំពតថា ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ សេង អ៊ាង អាយុ ២០ឆ្នាំ មានទីលំនៅត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។
យុវជនប្រាំនាក់មកប្តឹងនៅអធិការដ្ឋានក្រុងកំពតករណីបាត់មិត្តភក្តិ
ដោយស្រង់សម្តីរបស់មិត្តភក្តិជនរងគ្រោះ មន្ត្រីសមត្ថកិច្ចដដែលបានរៀបរាប់ថា កាលពីវេលាម៉ោងប្រហែល២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ក្រុមជនរងគ្រោះមានគ្នា ៦នាក់ បានជិះម៉ូតូពីរគ្រឿងមកដល់ចំណុចស្ពានកំពង់បាយក្រោយចេញពីបុណ្យកឋិននៅវត្តអង្គគ្រឹស្នា ក្នុងឃុំត្រពាំងព្រីង ស្រុកទឹកឈូ និងដើរលេងតាមសួនច្បារក្រុងកំពត។ ព្រោះតែម៉ូតូអស់សាំង មិត្តភក្តិបីនាក់បានចុះឈរលេងនៅលើស្ពាន ដោយបីនាក់នាំគ្នាយកម៉ូតូទៅចាក់សាំង។ មិត្តភក្តិជនរងគ្រោះបានប្រាប់សមត្ថកិច្ចទៀតថា គ្រានោះស្រាប់តែជនទំនើងមួយក្រុមមានគ្នាពីប្រាំពីរទៅប្រាំបីនាក់បានដេញកាប់ធ្វើឱ្យពួកគេភ័យ រួចនាំគ្នាលោតទឹកព្រែកដើម្បីគេចយករួចខ្លួន។ ប៉ុន្តែរហូតដល់ភ្លឺ ក្រោយពីមិត្តភក្តិពីរនាក់ដែលឡើងដល់គោក និងជួបគ្នាស្រាប់តែបាត់ម្នាក់រកមិនឃើញទើបសន្និដ្ឋានថា អាចលង់ទឹកស្លាប់ក៏មកប្តឹងសមត្ថកិច្ចនៅអធិការក្រុងកំពត។
នៅនឹងកន្លែងពិនិត្យសាកសពក្រោយរកឃើញ និងស្រង់ពីទឹកនារសៀលថ្ងៃដដែល លោក តូម៉ាណារិន អធិការរងក្រុងកំពតបានប្រាប់ឱ្យដឹងថា នៅនឹងខ្លួនប្រាណសាកសពមិនមានស្នាមបញ្ជាក់ថា បានទទួលរងនូវការវាយ ឬកាប់ណាមួយឡើយ។ ការងារនេះ សមត្ថកិច្ចនឹងបន្តតាមដានស្រាវជ្រាវ ខណៈដែលមិត្តភក្តិជនរងគ្រោះអះអាងថាចំណាំមុខក្រុមបង្កមិនបានព្រោះតែភ័យខ្លាច និងលោតទឹកភ្លាមៗពេលក្រឡេកឃើញគេស្ទុះដេញកាប់នោះ៕ ដោយ និរតី