ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង៣០០នាក់ដែលបាននិងកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១នៃជំងឺកុដ១៩ នៅតាមផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យបានទទួលសាច់ជ្រូកនិងអង្ករ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីប្រគល់អំណោយខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ មីនា នៅទីតាំងធ្វើចត្តាឡីស័ក តាមផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្រោមវត្តមានលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ក្រុមការងារបានដាក់សាច់ជ្រូកនិងអង្ករ ជាកញ្ចប់ហើយទើបបានអញ្ជើញមកបងប្អូនមកទទួលម្នាក់ម្តងៗ ដើម្បីបង្ការកុំអោយមានការឆ្លងបន្តនៃជំងឺនេះ
។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អំណោយទាំងនេះ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម និងសាច់ជ្រូកចំនួន២គីឡូក្រាម។
លោកឃួង ស្រេង បានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ។ សូមបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភសម្តេចមិនទុកឲ្យបងប្អូនស្លាប់ដោយការអត់បាយនោះទេ ។
មន្ត្រីរដ្ឋបាលខណ្ឌមានជ័យ បានឲ្យដឹងថា រដ្ឋបាលខណ្ឌមានជ័យ មានមណ្ឌលព្យាបាល និងធ្វើចត្តាឡីស័ក ចំនួន០១ មានអ្នកជំងឺស្នាក់នៅព្យាបាលចំនួន ៥៤នាក់(គិតត្រឹមថ្ងៃទី០២មីនា) និងមានទីតាំងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ០៥ទីតាំងស្មើ៤៧០នាក់ ក្នុងនោះបរទេស៣៤នាក់ ។ ក្នុងចំនួននេះបានបញ្ជូនទៅព្យាបាលនៅតាមមណ្ឌលព្យាបាលផ្សេងៗក្នុងរាជធានីភ្នំពេញ ចំនួន០៦នាក់ បរទេស០៤នាក់ ។ ដោយឡែកចំពោះប្រជាពលរដ្ឋធ្វើចតាឡីស័ក នៅសង្កាត់ស្ទឹងមានជ័យទី១ មានចំនួន៣៣១នាក់ ស្មើនឹង១៣១គ្រួសារ ។ ពួកគាត់ជាប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ–១៩ ដែលបានរកឃើញកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ។ ក្នុងចំនួនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កទាំងនេះ ក្នុងនោះមានចំនួនប្រជាពលរដ្ឋ៩២នាក់ បានធ្វើតេស្តសំណាកចំនួន០២លើករួចមកហើយ គឺនៅថ្ងៃទី២៦ ដោយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ និងនៅថ្ងៃទី២៧ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ








