ភ្នំពេញៈ រដ្ឋបាលខេត្តស្វាយរៀងបានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ មានស្ត្រីជនជាតិវៀតណាម ចំនួន ០២នាក់ (អាយុ ២៨ឆ្នាំ និងអាយុ ២៧ឆ្នាំ ស្នាក់នៅ ខណ្ឌចំការមន រាជធានីភ្នំពេញ) បានធ្វើដំណើរពីរាជធានីភ្នំពេញ តាមរយៈរថយន្តតាក់ស៊ី ម៉ាក ហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 2AC-4048 មកដល់ក្រុងបាវិត ខេត្តស្វាយរៀង នៅវេលាម៉ោង ០៨:៣០នាទីយប់ ថ្ងៃដដែល ក្នុងគោលបំណងចេញទៅប្រទេសវៀតណាម ។ ដោយសារមានឯកសារ មិនគ្រប់គ្រាន់ និងមានភាពមិនប្រក្រតី មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនអនុញ្ញាតឲ្យឆ្លងដែន និងបានឲ្យត្រឡប់មកក្រោយវិញ។ បន្ទាប់មកពួកគាត់បានមកស្នាក់នៅ សណ្ឋាគារហេងហេង សិរីរ័ត្ន ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ប៉ុន្តែដោយទទួលបានព័ត៌មានពី មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងមានការសង្ស័យ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត បានចុះណែនាំឲ្យពួកគាត់អនុវត្តឲ្យបានខ្ជាប់ខ្លួនស្របតាមវិធានការ សុខាភិបាល ព្រមទាំងបានយកសំណាក ទៅធ្វើតេស្ត លើកទី១ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងលទ្ធផលតេស្តដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បញ្ជាក់ ស្ត្រីទាំងពីរនាក់ខាងលើ មានវិជ្ជមានជំងឺកូវីដ-១៩ ។
បច្ចុប្បន្ន រដ្ឋបាលខេត្ត បានចាត់ចែងបញ្ជូនអ្នកជំងឺទាំងពីរនាក់ខាងលើទៅសម្រាកព្យាបាលនិងដាក់ឲ្យនៅដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រ ។ ចំពោះទីតាំងសណ្ឋាគារ ហេង ហេង សិរីរ័ត្ន រដ្ឋបាលខេត្ត បានសម្រេចផ្អាកអាជីវកម្មជាបណ្តោះអាសន្ន រឺ ឯ ម្ចាស់សណ្ឋាគារ បុគ្គលិក និងភ្ញៀវ ដែលស្នាក់នៅសណ្ឋាគារហេង ហេង សិរីរ័ត្ន ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត បានយកវត្ថុសំណាកតេស្តទៅពិនិត្យនិងដាក់ឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ ហេង ហេង សិរីរ័ត្ន តែម្តង។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ រដ្ឋបាលខេត្ត សូម ធ្វើការអំពាវនាវ ដល់អ្នកដែលមានការពាក់ព័ន្ធ ឬដឹងថាខ្លួនប៉ះពាល់ជាមួយនឹងស្ត្រីជនជាតិវៀតណាមខាងលើ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្ត មកធ្វើតេស្តរកមេរោគជំងឺកូវីដ-១៩ ឲ្យបានទាន់ពេលវេលា ដោយត្រូវទៅជួបក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរ សុខាភិបាលរដ្ឋបាលខេត្ត ដែលប្រចាំការនៅមណ្ឌលចត្តាឡីស័កថ្នាក់ខេត្តកម្រិត២ ក្រុងបាវិត ឬ ទំនាក់ទំងតាមរយៈទូរស័ព្ទ លេខ ០៨៨ ៦៣ ៥២ ៧០០ ចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ តទៅ ដើម្បីក្រុមការងារពិនិត្យយកវត្ថុសំណាកតេស្ដរកជំងឺកូវីដ តាមការកំណត់របស់ក្រសួងសុខាភិបាល ។
ជាមួយគ្នានេះដែរ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តស្វាយរៀង បង្កើនការប្រុងប្រយ័ត្ន និងអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង ៣កុំ” របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមមាន ៖
-៣ការពារ គឺពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល (ចាប់ ពី ១,៥ម៉ែត្រឡើងទៅ ឲ្យបានគ្រប់ៗគ្នា)
-៣កុំ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរក កន្លែងដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់ គ្នា កុំចាប់ដៃ កុំកៀកស្មាគ្នា កុំឱបគ្នា… ជាដើម ។
រដ្ឋបាលខេត្ត សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ សាធារណជន , និងជនបរទេស ដែល កំពុងស្នាក់នៅ និងបំពេញការងារនៅក្នុងខេត្តស្វាយរៀង នឹងចូលរួមអនុវត្តតាមខ្លឹមសារខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ៕ រក្សាសិទ្ធិដោយ : ចេស្តារ


