Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក អបអរសាទរ​កម្ពុជា ចំពោះ​ការមកដល់​វ៉ាក់សាំង តាម​យន្តការ​កូ​វ៉ា​ក់​

​ភ្នំពេញ​៖ សហរដ្ឋអាមេរិក សូម​អបអរសាទរ​ដល់​ប្រទេស​កម្ពុជា ចំពោះ​ការមកដល់​ដោយ​ជោគជ័យ នូវ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដូ​ស នៅ​ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១​។

​ការទទួលបាន​វ៉ាក់សាំង​នេះ គឺ​ដោយសារ​ការប្តេជ្ញា​ចិត្តជា​មុន​ចំពោះ​ទីផ្សារ COVAX ដែលជា​គម្រោង​គំនិត​ផ្តួចផ្តើម​ជាស​កល ក្នុងការ​គាំទ្រ​ការទទួលបាន​ប្រកបដោយ​សមធម៌ នូវ​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ ១៩​។ នៅក្នុងពេល​ថ្មីៗ​នះ សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​ការផ្តល់​ជំនួយ​សម្រាប់​គ្រា​ដំបូង ចំនួន ២ ពាន់​លាន​ដុល្លារ ក្នុងចំណោម​ប្រាក់​សរុប​ចំនួន ៤ ពាន់​លាន​ដុល្លារ ដល់​គម្រោង​គំនិត​ផ្តួចផ្តើម​នេះ ដែលជា​ការធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​គឺជា​ប្រទេស​រួមចំណែក​ធំជាងគេ​តែមួយគត់ ដល់​ការឆ្លើយតប​ជា​អន្តរជាតិ ចំពោះ​មេរោគ​កូ​វីដ ១៩​។ ប្រទេស​កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ នៅក្នុង​តំបន់ ដែល​បានទទួល​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ ១៩ ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX)​។​

​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក W. Patrick Murphy បាន​មានប្រសាសន៍ថា ៖ «​ការគាំទ្រ​ចំពោះ​ការឆ្លើយតប​របស់​ប្រទេស​កម្ពុជា ចំពោះ​មេរោគ​កូ​វីដ ១៩ តាមរយៈ​យន្តការ COVAX បន្ត​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​ផ្នែក​សុខភាព​សាធារណៈ​របស់​យើង ជាមួយ​ប្រទេស​កម្ពុជា​។ ការយក​ឈ្នះ​លើ​រោគរាតត្បាត​ជា​សាកល​នេះ​គឺជា​បញ្ហា​ប្រឈម​ជា​សាកល ហើយ​សហរដ្ឋអាមេរិក​កំពុងធ្វើការ​នៅក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស ដើម្បី​បញ្ឈប់​ការ​រាលដាល​នៃ​ជំងឺ​នេះ​។ ដោយ​ធ្វើការ​ជាមួយគ្នា យើង​អាច​ឈ្នះ​មេរោគ​កូ​វីដ ១៩ បាន ហើយ​ត្រៀមខ្លួន​បង្ការ​ទប់ទល់​នឹង​ការ​គម្រាមកំហែង​នៅពេល​អនាគត​»​។​

​ការរួមវិភាគទានរ​បស់​សហរដ្ឋអាមេរិក ចំពោះ COVAX តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ជួយ​ដល់​ការទិញ និង​ការបញ្ជូន​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ ១៩ ដែលមាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព សម្រាប់​ប្រជាជន​ដែល​ងាយ​រងគ្រោះ និង​ប្រឈម​នឹង​ហានិភ័យ​ខ្លាំងជាងគេ នៅក្នុង​ប្រទេស​ដែលមាន​ចំណូល​ទាប និង​ចំណូល​មធ្យម​នៃ​ពិភពលោក ។ ការ​ទ្រទ្រង់​នេះ​មាន​ភាពចាំបាច់​ណាស់ ក្នុងការ​កម្ចាត់​មេរោគ​រាតត្បាត​ជា​សាកល ដោយ​បន្ថយល្បឿន​នៃ​ការលេចឡើង​នៃ​មេរោគ​ប​ម្លែ​ង​ថ្មី ហើយ​ជួយ​ឲ្យ​សេដ្ឋកិច្ច​សកលលោក​មាន​ដំណើរការ​ឡើងវិញ​។​

​សហរដ្ឋអាមេរិក ក៏​នឹង​ធ្វើការ​ផងដែរ ជាមួយ​ម្ចាស់ជំនួយ​ដទៃទៀត ដើម្បី​ធ្វើការ​សន្យា​ផ្តល់ជំនួយ និង​ការប្តេជ្ញាចិត្ត​បន្ថែមទៀត ដើម្បី​បំពេញ​នូវ​តម្រូវការ​ចាំបាច់​នៃ​យន្តការ COVAX ។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក មានការ​ប្តេជ្ញាចិត្ត​ក្នុងការ​សហការ​ជាមួយ​ដៃគូ និង​រដ្ឋាភិបាល​ដទៃទៀត ដើម្បី​ទ្រទ្រង់​ការខិតខំ​ក្នុងការ​ចាក់​វ៉ាក់សាំង​ជា​សាកល ប្រឆាំងនឹង​មេរោគ​កូ​វីដ ១៩​។​

​សហរដ្ឋអាមេរិក បានធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​អ្នកពាក់ព័ន្ធ​នៅ​កម្ពុជា នៅក្នុង​អំឡុងពេល​ទាំង​មូលនៃ​ការ​មាន​មេរោគ​រាតត្បាត​ជា​សាកល​នេះ ដើម្បី​ការពារ​សុខភាព​សាធារណៈ និង​ពង្រឹង​ការឆ្លើយតប​ចំពោះ​មេរោគ​កូ​វីដ ១៩​។ ភាពជា​ដៃគូ​យូរអង្វែង​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា បាន​ជួយ​សម្រួល​ដល់​ការងារ​នេះ ដូចជា​តាមរយៈ​មជ្ឈមណ្ឌល​កម្ចាត់​ជំងឺ (CDC) វិទ្យាស្ថាន​ជាតិ​សុខភាព (NIH)​របស់​សហរដ្ឋអាមេរិក មជ្ឈមណ្ឌល​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៃ​កងទ័ពជើងទឹក​សហរ​ដ្ឋ​អាមេរិក និង​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) ។ ភាពជា​ដៃគូ​ទាំងនេះ​បាន​ពង្រឹង​ការអង្កេត ការតាមដាន​អ្នកមាន​ការពាក់ព័ន្ធ ការស្រាវជ្រាវ និង​ការយល់ដឹង​របស់​សាធារណជន ដែលជា​ការចាំបាច់​សម្រាប់​គ្រប់គ្រង​មេរោគ​រាតត្បាត​ជា​សាកល ហើយ​សង្គ្រោះ​ជីវិត​មនុស្ស​។​

​បន្ថែម​លើ​នេះ តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) សហរដ្ឋអាមេរិក បានផ្តល់​ជំនួយ​ក្នុង​ទឹកប្រាក់ ជាង ១១ លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​ពិសេស​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា ក្នុងការ​ការពារ ស្វែងរក និង​ឆ្លើយតប​នឹង​ការរីក​រាលដាល​នៃ​ជំងឺ ក៏ដូចជា​ជួយ​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ផងដែរ​។ ធនធាន​ទាំងនេះ​បាន​ជួយ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការធ្វើទំនាក់ទំនង​គ្នា​ស្តីពី​ហានិភ័យ ការចូលរួម​របស់​ស​ហគ​មន៍ ការការពារ​និង​ការគ្រប់គ្រង​ការឆ្លង ការគ្រប់គ្រង​លើ​ករណី​ជំងឺ ប្រព័ន្ធ​មន្ទីរពិសោធន៍ ហើយ​បានផ្តល់​សម្ភារៈប្រើប្រាស់​សំខាន់ៗ ដូចជា​គ្រឿង​ផ្ត​ត់​ផ្គង់​ផ្នែកអនាម័យ​ជា​មូលដ្ឋាន មធ្យោបាយ​ដឹកជញ្ជូន​សំខាន់ៗ ប្រអប់​ត្រជាក់​រក្សា​ភាព​ត្រជាក់​សម្រាប់​ដឹកជញ្ជូន​ដោយ​សុវត្ថិភាព នូវ​សំណាក​សម្រាប់​យកមក​វិភាគ​នៅ​មន្ទីរពិសោធន៍ សម្ភារៈ​ការពារ​ខ្លួន សម្រាប់​បុគ្គលិក​មន្ទីរពិសោធន៍ និង​គ្រូពេទ្យ​ជួរមុខ និង​គ្រឿង​បរិក្ខារ​ព័ត៌មានវិទ្យា ដើម្បី​ពង្រឹង​ការអប់រំ​សុខភាព​ស្តីពី​មេរោគ​កូ​វីដ ១៩ ទាក់ទង​នឹង​ការគ្រប់គ្រង​លើ​ការផ្ញើ​សារ និង​ប្រព័ន្ធ​តាមដាន​អ្នកពាក់ព័ន្ធ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×