នៅមុននេះបន្តិច (ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១) គេបានប្រទះឃើញឯកឧត្ដមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានបង្ហោះសំណេរគួរឲ្យចាប់អារម្មណ៍ ដោយលោកបានបើកបង្ហាញនូវមនោសញ្ចេតនានៃក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ នៅក្នុងថ្ងៃខួបកំណើតភរិយាសំណព្វចិត្តលោកជំទាវ អ៊ុន វុនលី ដែលកំពុងសម្រាកព្យាបាលជំងឺនៅឯទីក្រុងបាងកក ប្រទេសថៃ។
ក្នុងនោះ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានសរសេររៀបរាប់បង្ហាញពីទំហំនៃសេចក្តីស្រឡាញ់ និងក្តីនឹករលឹកដ៏ធំធេងពីចម្ងាយ ទៅកាន់ឧត្តមភរិយា ក្នុងខ្លឹមសារយ៉ាងវែងអន្លាយថា៖ «មកដល់ប្រពន្ធសំឡាញ់! ថ្ងៃទី៣ ខែ៣ ឆ្នាំ២០២១ ជាថ្ងៃកំណើតអូន ជាថ្ងៃដែលអូនបានឃើញពន្លឺថ្ងៃនាទសវត្សឆ្នាំ៥០។
អូនកើតក្នុងគ្រួសារកសិករ ហើយមានភាពកក់ក្តៅ សប្បាយរីករាយ ជាមួយនឹងក្រុមគ្រួសារដ៏តូចមួយនេះ។ ភាពកក់ក្តៅនេះក៏រលត់បាត់អស់ទៅវិញព្រោះតែភ្លើងសង្គ្រាម។ បងប្អូនបង្កើតរបស់អូនចំនួន ២ នាក់ ត្រូវបានរបប ប៉ុលពតយកទៅសម្លាប់ចោល ហើយបន្តមកទៀត ឪពុកម្តាយនិងបងស្រីម្នាក់ទៀត ក៏ត្រូវធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ ព្រោះតែភាពអត់ឃ្លាននិងទារុណកម្មធ្ងន់ធ្ងរក្នុងរបបវាលពិឃាតនេះ ដែលធ្វើឱ្យអូនក្លាយជាកូនកំព្រារស់នៅតែ ម្នាក់ឯងគត់ ហើយទទួល រងនូវវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
បងរឹតតែស្រឡាញ់ រឹតតែអាណិតទ្វេដង ព្រោះតែក្រុមគ្រួសារអូននៅសល់តែអូនម្នាក់ប៉ុណ្ណោះ។ ក្តីស្រឡាញ់ ហើយរួមទាំងអាណិត គឺជាស្នេហាពិតដែលមិនអាចប្រែប្រួលឡើយ។
ពេលនេះ អូននៅមានបង មានកូននិងចៅ ដែលជាអ្នកនៅក្បែរអូន ចាំលើកទឹកចិត្តអូន និងចាំមើលថែអូនជានិច្ច។
លើសពីនេះទៅទៀត អូននៅមានការបារម្ភ ពីសំណាក់ថ្នាក់ដឹកនាំ និងព្រះសង្ឃ ព្រមទាំង បងប្អូនប្រជាពលរដ្ឋទាំងជិតទាំងឆ្ងាយ ដែលបានជូនពរអូនយ៉ាងច្រើននាពេលកន្លងមក។
អូនសម្លាញ់! សូមអូនតាំងចិត្តឱ្យបានរឹងមាំនិងពង្រឹងស្មារតីដោយក្តីញញឹម ដើម្បីបង ដើម្បីកូនចៅ និងញាតិមិត្ត រួមទាំងថ្នាក់ដឹកនាំ ព្រះសង្ឃ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់សមានចិត្តរាប់អាន ក្រុមគ្រួសារយើង!
ឆ្នាំនេះ ជាខួប ៦៦ ឈានចូល ៦៧ ឆ្នាំ។ ក្នុងថ្ងៃខួបកំណើតនេះ អូនកំពុងសម្រាកព្យាបាលរបួស នៅទីក្រុងបាងកកនៅឡើយ ដែលធ្វើឱ្យយើងមិនអាចជួបគ្នាដោយផ្ទាល់ដើម្បីជូនបាច់ផ្កានិងជូនពរដល់អូនបាន ព្រោះតែវិបត្តិសកល គឺជំងឺកូវីដ ១៩។
បងសូមផ្ញើក្តីស្រឡាញ់និងក្តីនឹករលឹកបំផុតពីចម្ងាយ ហើយសូមជូនពរអូន សូមឱ្យឆាប់បានជាសះស្បើយ និងឆាប់បានត្រឡប់មកជួបជុំគ្រួសារយើងវិញ។»។
ទន្ទឹមនេះផងដែរ ក្រោយពីបានឃើញស្វាមីផ្តល់កម្លាំងចិត្តពីចម្ងាយបែបនេះ លោកជំទាវ អ៊ុយ បុនលី ជាភរិយាយ ក៏ចូលឆ្លើយតាមតាមរយៈខមិន ជាមួយពាក្យពេចន៍អូនបងយ៉ាងស្វ៊ីតថា៖ «អូន អរគុណច្រើនជាអនេកដល់ឧត្ដមស្វាមី ដែលបងតែងតែនឹកគិត បារម្ភ ជូនពរនិងបន់ស្រន់អោយអូន ឆាប់ជាសះស្បើយ»។
ព្រមជាមួយគ្នានោះផងដែរ គេក៏បានឃើញហ្វេនៗ បានចូលខមិនជូនពរដល់អ្នកទាំងពីរថា៖ «គោរពជូនពរ លោកពូ អ្នកមីង!! រីករាយថ្ងៃខួបកំណើត Happy Birthday Day, រីករាយថ្ងៃកំណើតលោកជំទាវ ជូនពរលោកជំទាវឆាប់ជាសះស្បើយ»។ លើសពីនេះ គេក៏បានសរសើរដល់អ្នកទាំងពីរយ៉ាងដូច្នេះថា៖ «ភាពផ្អែមល្ហែមពាក្យសម្តី និងកាយវិការ គឺជាសក្ខីភាពគំរូល្អដល់ក្មេងៗ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




