ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងថា ខ្លួនបានត្រៀមលក្ខណៈរួចហើយសម្រាប់ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខនេះ។ ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ជាកាលបរិច្ឆេទបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពីការប្រកាសបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដោយកំណត់យកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
លោកស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ CEN កាលពីល្ងាចថ្ងៃទី៣ ខែមីនា ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។ ហើយគ.ជ.ប ខិតខំធ្វើឲ្យបានល្អទៅតាមច្បាប់ដែលបានកំណត់ ហើយតាំងពីការបោះឆ្នោតមក គឺមិនដែលមានការអាក់ខានទេ ប៉ុន្តែការបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិ គឺត្រូវមានការកែទម្រង់ និងកែលំអរឲ្យកាន់តែសុក្រឹត្យ មានតម្លាភាព ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទទួលយកបាន។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា គ.ជ.ប បានគិតរួចរាល់ និងបានត្រៀមលក្ខណៈរួចហើយដែរ ក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខនេះ ហើយធ្វើយ៉ាងណាឲ្យការបោះឆ្នោតបានល្អ និងគ្រប់ភាគីទាំងអស់អាចទទួលយកបាន មានតម្លាភាព និងស្របតាមច្បាប់៕ រក្សាសិទ្ធិដោយៈ ចេស្តារ


