ភ្នំពេញ ៖ ដូចដែលគ្រប់គ្នាបានដឹងហើយ Tik Tok ដែលជាកម្មវិធីចម្រៀងនៅលើបណ្តាញសង្គមរបស់ប្រទេសចិន បានក្លាយជាការចាប់អារម្មណ៍លើប្រព័ន្ធ internet ពាសពេញពិភពលោក ចាប់តាំងពីចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០១៦ មកម្ល៉េះ។ ដោយសារកម្មវិធីកម្សាន្តនេះ ងាយស្រួលក្នុងការលេង និងមានភាពទាក់ទាញ ឃើញថា សន្ទុះនៃការប្រើប្រាស់ Tik Tok ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពពេញនិយម មិនថាតែចំពោះយុវវ័យនោះទេ គឺសូម្បីតែមនុស្សគ្រប់ស្រទាប់វណ្ណៈក៏លេងដែរ។
ជាការពិតណាស់ បណ្តាញសង្គមក្នុងសម័យដ៏ទំនើបនេះ ត្រូវបានចាត់ទុកថា គឺជាទីកន្លែងមួយដែលមិនអាចខ្វះបាន សម្រាប់អ្នកញៀនលេងដ៏ងប់ងល់ភាគច្រើន។ ក្នុងនោះ អ្នកខ្លះ សូម្បី Sad ខ្លាំងផងដែរ ប្រសិនបើខ្លួនលេងទៅ ហាក់គ្មានការគាំទ្រ ឲ្យមេដៃ ឲ្យបេះដូង ឬ Like ជាដើម។
ជាក់ស្តែង អ្វីដែលពិតជាមហាហួសចិត្តយ៉ាងខ្លាំងនោះ គឺថាមានព្រះសង្ឃមួយអង្គ បែរជាបានបង្ហាញអារម្មណ៍កើតទុក្ខយ៉ាងខ្លាំង ក្រោយលេង Tik Tok យូរណាស់ដែរហើយ តែដូចជាគ្មានបានផលអ្វីសោះ មូលហេតុ ព្រោះតែគ្មានអ្នកចុចមើល គ្មានអ្នកខមិន និងពិសេសសូម្បីតែឲ្យបេះដូង ក៏សឹងតែគ្មានផងនោះ។
ម្យ៉ាងវិញទៀត អ្វីដែលធ្វើឲ្យសង្ឃអង្គនេះ បានតូចចិត្តខ្លាំងបំផុតនោះ គឺត្រង់ថា អ្នកលេង Tik Tok ខ្លះដាក់រូបថតតាំង ឈរធ្មឹងៗសោះ បានបេះដូងដល់ 100 K ។ ចំណែករូបលោកវិញ ខំនិយាយរឿងល្អៗ បែរជាបានបេះដូងតិច វាដូចជាមិនសមទាល់តែសោះ។ ដោយឃើញមានលក្ខណៈខុសគ្នាបែបនេះ សង្ឃខូចចិត្តព្រោះចង់បាន «បេះដូង» ខាងលើ ក៏បានស្នើឲ្យញាតិញោមប្រជាអ៊ិនធើរណែត គិតពិចារណា ភ្ញាក់រលឹកឡើងវិញផង កុំធ្វើបែបនេះទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





