ហេតុនការណ៍នេះកើតឡើងនៅផ្នូរអនាមិកមួយដែលប្រជាជននៅក្នុងតំបន់នោះ ហៅថាជាផ្នូររបស់”យាយស្មូម” ឬ “ម្តាយអ្នកសុំទាន” ស្ថិតនៅវាលស្រែ នាភូមិ La Ha Tay ប្រជុំជន Quang Van ខេត្ត Ba Don។
ពស់១គូ ដែលជាមេនិងកូនត្រូវបានពលរដ្ឋចាត់ទុកថា ជា “ពស់ទេព” មានវត្តមាននៅពីលើផ្នូរ។
តាមប្រជាជននៅតំបន់នោះនាថ្ងៃទី ២៤កុម្ភៈ មនុស្សមួយចំនួននៅក្នុងភូមិ បានសំឡឹងឃើញដោយចៃដន្យ មេពស់ និងកូនរបស់វា កំពុងលូនក្រវែលពីលើផ្នូររបស់ “យាយស្មូម”។ ប៉ុន្តែរឿងដ៏ចម្លែកនោះគឺវាមានទង្វើបែបនេះ អស់រយៈពេល២ថ្ងៃ ដោយពុំព្រមចាកចេញទៅ ផ្តើមពីហេតុការណ៍បែបនេះក៏រីកសាយព័ត៌មានថា “ស្រីស្មូមបាននិម្មិតជាពស់ទេព” ធ្វើឲ្យមនុស្សសម្រុកមកមើលដូចទឹកបាក់ទំនប់ ក្នុងបំណងបួងសួងសុំសេចក្តីសុខ។ កាន់តែចម្លែក គ្រាដែលច្រើនថ្ងៃកន្លងមករៀងរាល់ពេលយប់ពស់២ក្បាលនេះ បានលូនចូលសម្ងំក្នុងផ្នូរ ហើយពេលព្រឹកវាលូនក្រវែលពីលើផ្នូរ។ កាន់តែល្បីដោយហេតុថា “ពស់ទេពទាំង២ ពុំខ្លាចរអា ទោះបីមានមនុស្សចោមរោមមើលច្រើនក្តី ហើយវាក៏ពុំមានកាយវិការណាមួយចង់វាយប្រហារពួកគេដែរ។
ពស់មួយគូដែលជាមេនិងកូនត្រូវបានពលរដ្ឋចាត់ទុកថា ជាពស់ទេពកំពុងបង្ហាញវត្តមាននៅលើផ្នូរ តាមគណៈកម្មការឃុំនេះឲ្យដឹងថា បច្ចុប្បន្នគេពុំទាន់ដឹងបានពីចំនួនពិតប្រាកដរបស់មនុស្សដែលមកកាន់ទីនេះ ដើម្បីមើលពស់ទេព និងបួងសួង ប៉ុន្តែគ្រាន់តែថ្ងៃម្សិលមិញមានប្រមាណរាប់ពាន់នាក់ បានមកអុជធូបបួងសួង ទន្ទឹមនោះប្រជាជនក្នុងភូមិក៏បានធ្វើកេសសម្រាប់ទទួលបច្ច័យហើយគិតត្រឹមយប់ថ្ងៃទី ២៧កុម្ភៈ បច្ច័យដែលទទួលបានប្រមាណ ១៥០លានដុង (៧០០០ដុល្លារ)។
ចាស់ៗនៅតំបន់នេះ ប្រាប់ថា ៖ ពុំមាននរណាដឹងច្បាស់ពីប្រវត្តិផ្នូរយាយស្នូមឡើយ ។ ប៉ុន្តែមានរឿងតំណាលតៗគ្នាថា ផ្នូរនេះគេឃើញមានតាំងពីជំនាន់អាណានិគមបារាំងមកម្លេះ ហើយអ្នកនៅក្នុងផ្នូរគឺយាយស្មូមចំណាស់ម្នាក់ ដែលគេពុំដឹងមកពីស្រុកណា ដោយឃើញគាត់ដើរតាមផ្សារក្នុងតំបន់នេះជារៀងរាល់ថ្ងៃ ដើម្បីសុំទាន ហើយថ្ងៃ១នោះ ព្រោះតែត្រជាក់ខ្លាំង ហើយគ្មានអ្វីបរិភោគគាត់ក៏ស្លាប់ទៅ។ ដោយពុំមានសាច់ញាតិធ្វើបុណ្យឲ្យពលរដ្ឋក៏នាំគ្នាយកគាត់ទៅបញ្ចុះ។
ប្រជាជនរាប់ពាន់នាក់មកដុតធូបបួងសួង តាំងពីដើមមកពលរដ្ឋនៅតំបន់នោះតែងចាត់ទុកថា ផ្នូរនេះពិតជាស័ក្តិសិទ្ធណាស់ ឥឡូវនេះជាមួយវត្តមានពស់១គូនេះ កាន់តែធ្វើឲ្យពលរដ្ឋមានជំនឿទ្វេដង ។
មនុស្សជាច្រើនពុំមានការញញើតដោយយកដៃទៅស្ទាបអង្អែល “ពស់ទេព” នេះទេ៕ ចន្ទ្រា