Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ លក់​ផ្លាកលេខ​សម្គាល់​យានយន្ត រកចំណូលបាន​ជិត ៥៣​លាន​ដុល្លារ​

​ភ្នំពេញ​៖ បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ បានឱ្យដឹងថា គិត​មកដល់​ចុងខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ការលក់​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត (​ផ្លាកលេខ​កម្ពុជា​) បាន​រយៈពេល​ជាង​១​ឆ្នាំ និង​ការលក់​ផ្លាកលេខ​ពិសេស លក្ខណៈ​គ្រួសារ (​ផ្លាកលេខ​រាជធានី​ខេត្ត​) បាន​រយៈពេល​ប្រមាណ​០៦​ឆ្នាំ រក​ចំណូល​សរុប​បាន​ប្រមាណ ២១០,៥០០,០០០,០០០​រៀល ដែល​ស្មើនឹង ៥២,៦០០,០០០​ដុល្លារ​។​

​អ្នកនាំពាក្យ​ក្រសួង​សាធារណការ លោក ហ៊ាង សុទ្ធា​យុ​ត្តិ បាន​បញ្ជាក់ថា ការលក់​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ លក់បាន​ចំនួន​ជាង ៤,៨០០ ផ្លាកលេខ រកចំណូលបាន​ជាង​៣៩​ពាន់​លាន​រៀល ដែល​ស្មើនឹង​ជិត​១០​លាន​ដុល្លារ ហើយ​សម្រាប់​ផ្លាកលេខ​ពិសេស​គ្រួសារ គិត​ចាប់ពី​ចុងឆ្នាំ​២០១៦ មកដល់ពេលនេះ បាន​លក់​អស់​ជាង ១៦៥,០០០​ផ្លាកលេខ គិត​ជា​ទឹក​ប្រាប់​បាន​ប្រមាណ​ជាង ១៧១​ពាន់​លាន​រៀល ដែល​ស្មើនឹង ៤២,៧៨០,០០០​ដុល្លារ ហើយ​សរុប​ជា​ថវិកា​ទាំង​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន និង​ផ្លាកលេខ​គ្រួសារ ក្រសួង​រកចំណូលបាន​ប្រមាណ ២១០,៥០០,០០០,០០០​រៀល ដែល​ស្មើនឹង ៥២,៦០០,០០០ ដុល្លារ​។​

​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​លើ​តម្លៃ​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន ដោយមាន​ការចូលរួម​ពី​សមាជិក​សមាជិកា​គណៈ​កម្ម​កា​អន្តរក្រសួង​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត និង​មន្ត្រី​ជំនាញ​អង្គភាព​ពាក់ព័ន្ធ បានឱ្យដឹងថា ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​ទៅកាន់ បណ្ដា​ក្រុមហ៊ុន​ឯកជន​ធំៗ​នានា ដែលមាន​បំណង​ចង់​ប្រើប្រាស់​លេខ​ពិសេស​ផ្ទាល់ខ្លួន គឺ​ដើម្បី​កៀងគរ​ចំណូល​ថវិកាជាតិ​ឱ្យបាន​ច្រើន​ថែមទៀត​។​

​បើតាម​អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ សម្រាប់​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន (​ផ្លាកលេខ​កម្ពុជា​)​នេះ បានធ្វើ​ការសិក្សា​អស់​រយៈពេល​ប្រមាណ​ជិត​២​ឆ្នាំ ទើបបាន​សម្រេច​សម្ភោ​ធ​បើក​ដំណើរ​ការលក់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២០​នៅ​ផ្សារ​ទំនើប​អ៊ី​អន​២ រាជធានី​ភ្នំពេញ​។​
​គួរ​បញ្ជាក់ថា ការផ្តួចផ្តើម​គំនិត​ក្នុង​ការធ្វើ​ផ្លាកលេខ​ពិសេស​នេះ ត្រូវបាន​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ធ្វើឡើង​ក្នុង​គោលបំណង​កៀរគរ​ថវិកា​ជូន​ជាតិ​ពី​អ្នកប្រើប្រាស់​យានយន្ត ដែល​ចង់បាន​ផ្លាកលេខ​ពិសេស​បំពាក់​នៅលើ​រថយន្ត​រប​ស់​ពួកគេ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×