ភ្នំពេញ ៖ ក្រោយពីបានឃើញសារព័ត៌មានមួយ បានការចុះផ្សាយ និងកំពុងចែករំលែកយ៉ាងផុសផុលថា «ពលករត្រឡប់មកពីថៃ ដែលគ្មានអាការសង្ស័យកូវីដ១៩ ត្រូវបានលើកលែងការធ្វើចត្តាឡីស័ក» នោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលចំពោះព័ត៌មាននេះទាំងស្រុង។
ក្នុងនោះ លោកស្រី ឱ វណ្ឌឌីន បានបញ្ជាក់យ៉ាងឲ្យដឹងថា ការធ្វើចត្តាឡីស័ក១៤ថ្ងៃ គឺនៅតែបន្តធ្វើ ដោយបងប្អូនពលករនឹងត្រូវបានដឹកជញ្ជូនទៅតាមខេត្តរៀងៗខ្លួន ដើម្បីបន្តធ្វើចត្តាឡីស័កនៅខេត្តនោះតែម្តង។ នេះបើយោងតាមផេកផ្លូវការក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងនេះឲ្យដឹងថា «សុំកុំសរសេរខុស និងផ្សាយព័ត៍មានខុស ពីបទបញ្ជាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។ សុំធ្វេីការកែតម្រូវជាបន្ទាន់ផងណា និងកុំបន្តចែកចាយ ដែលនាំឲ្យមានការភ័ន្តច្រឡំកាន់តែច្រេីនឡេីង។ អរគុណ»។
គួរបញ្ជាក់ឲ្យដឹងផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃ អាចផ្លាស់កន្លែងធ្វើចត្តាឡីស័កពីខេត្តជាប់ព្រំដែន មកធ្វើចត្តាឡីស័កនៅក្នុងខេត្ត ឬស្រុកកំណើតរបស់ខ្លួនបាន តែដាច់ខាតមិនអាចគេចវេស ឬខកខានការធ្វើចត្តាឡីស័កនោះឡើយ ចំណែករដ្ឋបាលខេត្ត ដែលមានអ្នកផ្លាស់មកធ្វើចត្តាឡីស័កនោះ ត្រូវត្រួតពិនិត្យការងារនេះឱ្យបានហ្មត់ចត់។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ឡើងវិញថា ចត្តាឡីស័កនៅតែធ្វើ គ្រាន់តែអាចប្ដូរទីតាំងធ្វើប៉ុណ្ណោះ ដោយពីមុនធ្វើនៅទល់ដែន តែឥលូវនេះ អាចផ្លាស់មកធ្វើនៅផ្ទៃក្នុងប្រទេស (ខេត្ត-ស្រុកកំណើត) ដោយត្រូវដឹកជញ្ជូនពួកគាត់មកធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋាននានា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



