ជនជាតិចិនចំនួន ៩ នាក់ ត្រូវបានកម្លាំងនគរបាលស្រុកព្រៃកប្បាស ធ្វើការឃាត់ខ្លួន នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នេះ ស្ថិតនៅត្រង់ចំណុចភូមិកំពង់រាប ឃុំកំពែង ស្រុកព្រៃកប្បាស បន្ទាប់ពីក្រុមជនជាតិចិនទាំងអស់នោះ បានជិះរថយន្តឈ្នួល ក្នុងគោលបំណងចូលមកទឹកដីខេត្តតាកែវ ហើយឆ្ពោះទៅរាជធានីភ្នំពេញ។
ជុំវិញការគេចខ្លួនរបស់ជនជាតិចិនទាំងអស់នេះផងដែរ បើតាមលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានប្រាប់ឲ្យដឹងថា ជនជាតិទាំង៩នាក់ បានគេចខ្លួនពីតំបន់ជ្រៃធំ ស្រុកោះធំ ខេត្តកណ្តាល ពីការធ្វើចត្ថាឡីស័ក ចូលមកខេត្តតាកែវ នៅពេលដែលតំបន់ជ្រៃធំ ត្រូវបានរកឃើញជនបរទេសចំនួន ៥ នាក់ ឆ្លងជំងឺកូវីដ-១៩។
លោកអភិបាលស្រុក ក៏បានបញ្ជាក់ឲ្យដឹងថា ក្រោយពីធ្វើការឃាត់ខ្លួនជនជាតិចិនទាំង៩នាក់រួច កម្លាំងនគរបាលស្រុកព្រៃកប្បាស ក៏បានជូនដំណឹងនេះទៅដល់មន្ត្រីសុខាភិបាល និងបានដឹកពួកគេមកដាក់ឲ្យធ្វើចត្ថាឡីស័ក នៅសាលាគរុកោសល្យភូមិតាកែវ ស្ថិតនៅក្នុងក្រុងដូនកែវ។
ទន្ទឹមនេះផងដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៩ ខែមីនា នេះ ក៏បានបញ្ជាក់ថា លោកបានចេញលិខិតបញ្ជាឲ្យអភិបាលស្រុកកោះធំ បិទកាស៊ីណូចំនួន ៩ កន្លែង និងព្រមទាំងបិទការធ្វើដំណើរចេញចូលតំបន់ជ្រៃធំ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី-១៩ ដែលកំពុងផ្ទុះកាន់តែកើនឡើងនៅក្នុងប្រទេស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


