Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​សម្តែង​ការសោកស្តាយ នូវ​ការកើនឡើង​នៃ​អំពើ​ហឹ​ង្សា ដែល​បណ្តាលឱ្យមាន​និង​ការបាត់​បង់ជីវិត​មនុស្ស​នៅ​មី​យ៉ាន់​ម៉ា​

​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​បញ្ជាក់ថា កម្ពុជា​ត្រៀមខ្លួន​ជានិច្ច ក្នុងការ​ចូលរួម​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា​ក្នុង​ការដើរ​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ និង​បាន​សម្តែង​ការ​សោកសៅ​ដោយបាន​ឃើញ​នូវ​ការកើនឡើង​នៃ​អំពើ​ហឹ​ង្សា ដែល​បណ្តាលឱ្យ​មានការ​បាត់បង់​ជីវិត​មនុស្ស​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​បន្តថា ក្នុងនាម​ជា​មិត្ត និង​ជា​សមាជិក​សហគមន៍​អាស៊ាន កម្ពុជា​ក៏ដូចជា​គ្រប់​រដ្ឋ​សមាជិក​អាស៊ាន​ឯទៀត និង​សហគមន៍​អាស៊ាន​ទាំងមូល កំពុង​តាមដាន​យ៉ាង​ជិតដិត​នូវ​ស្ថានការណ៍​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ហើយ​មានការ​សោកសៅ​ដោយបាន​ឃើញ​នូវ​ការកើនឡើង​នៃ​អំពើ​ហឹ​ង្សា ដែល​បណ្តាលឱ្យ​មានការ​បាត់បង់​ជីវិត​មនុស្ស​។
​ទន្ទឹមនឹង​ការគោរព​គោលការណ៍​ស្នូល នៃ​ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង របស់​ប្រទេស​ជា​សមាជិក​អាស៊ាន កម្ពុជា​បាន​គាំទ្រ «​សេចក្តីថ្លែងការណ៍​រប​ស់​ប្រធាន​អាស៊ាន​ស្តីពី​ការវិវត្ត​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​» ដែល​បានចេញ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ ២០២១ និង «​សេចក្តីថ្លែងការណ៍​រប​ស់​ប្រធាន​អាស៊ាន​ស្តីពី​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៃ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​» ចេញ​នៅ​ថ្ងៃទី ២ ខែមីនា ឆ្នាំ​២០២១ ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​ដ៏​ស្មោះត្រង់ ដើម្បី​គាំទ្រ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​អ្នកនាំពាក្យ​បាន​បន្ត​ទៀ​ត​ថា ដូច​បានលើកឡើង​ក្នុង​អន្តរាគមន៍​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៃ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កម្ពុជា​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ចូលរួម​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា​ក្នុង​ការដើរ​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ ទោះជា​តាមរយៈ​តួនាទី និង​ទម្រង់​ណាមួយ​កី្ត ដែល​ស្របតាម​គោលការណ៍​អាស៊ាន ពោលគឺ​តាម​មាគ៌ា​អាស៊ាន របស់​យើង ដែល​គ្រប់ភាគី​ទាំងអស់​អាច​ទទួលយក​បាន​។
​ក្នុង​ស្មារតី​នេះ កម្ពុជា​ក៏​គាំទ្រ​ផងដែរ​ដល់​ការជួយ​សម្របសម្រួលរ​បស់​ប្រធាន​អាស៊ាន ក៏ដូចជា​អគ្គលេខាធិការ​អាស៊ាន ប្រកបដោយ​លក្ខណៈ​វិជ្ជមាន សន្តិភាព និង​ស្ថាបនា​៕​

×