ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៧ ប្រាក់ចំណូលលក់ជ័រកៅស៊ូ លើទំហំផ្ទៃដីដាំសរុបជាង ៤៣ម៉ឺនហិកតា បានរហូតដល់ជិត៣០០លានដុល្លារ ដែលចំណូលនេះ ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៨ របស់ អគ្គនាយកដ្ឋានកៅស៊ូស្ថិតនាព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានកៅស៊ូ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបានក្នុងការអនុវត្តចង្កោមសកម្មភាពពាក់ព័ន្ធ ប្រមូលយករាល់បញ្ហាប្រឈមផ្សេងៗ និងធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីលើកជាដំណោះស្រាយកំណត់ទិសដៅនិងវិធានការអនុវត្តក្នុងឆ្នាំបន្ទាប់ឲ្យកាន់តែមានប្រសិទ្ធភាព បន្តរួមចំណែកសម្រេចឲ្យបាននូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨ ក៏ដូចជាផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកសិកម្ម២០១៤-២០១៨។
លោក ប៉ុល សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានឲ្យដឹងថា ផ្ទៃដីដាំសរុបជាង ៤៣ម៉ឺនហិកតា ក្នុងនោះប្រហែល ៦៤%ជាដីកៅស៊ូកសិឧស្សាហកម្ម ផ្ទៃដីកៅស៊ូចៀរជ័រ ១៧ម៉ឺនហិកតា។ មានរោងសិប្បកម្មកែច្នៃចំនួន ១៣៩ ផលិតកៅស៊ូស្ងួតបានជាង១៩ ម៉ឺនតោន។ ក្នុងឆ្នាំ២០១៧ ប្រាក់ចំណូលលក់ជ័របានរហូតដល់ជិត៣០០លានដុល្លារ ដែលចំណូលនេះពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%។ ក្រសួងក៏បានយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិ កន្លងមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជារឿយៗតែងតែបានរំលឹកអំពីការរីកចម្រើននិងសក្ដានុពលនៃឧស្សាហកម្មកៅស៊ូធម្មជាតិនៅកម្ពុជាផងដែរ។
លោក អគ្គនាយក បានបញ្ជាក់ថា កៅស៊ូធម្មជាតិគឺជាដំណាំយុទ្ធសាស្ត្រដែលផ្តល់ពហុប្រយោជន៍ជាច្រើនដល់អ្នកដាំ ដល់សេដ្ឋកិច្ចជាតិ សង្គមបរិស្ថាន និងចូលរួមលើកកម្ពស់ប្រាក់ចំណូលសេដ្ឋកិច្ច និងចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ មុខរបរ កាត់បន្ថយចំណាកស្រុក ផ្តល់ឈើសម្រាប់ប្រើប្រាស់ជាគ្រឿងសង្ហារឹម ជាគម្របព្រៃឈើ ចូលរួមថែរក្សាលំនឹងបរិស្ថាន និងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។
លោករដ្ឋមន្ត្រីបានធ្វើការណែនាំបន្ថែមមួយចំនួនឲ្យយកទៅគិតគូពិចារណានិងអនុវត្តឲ្យទទួលបានលទ្ធផលល្អៗថែមទៀតនាឆ្នាំ២០១៨៖ទី១-ត្រូវធ្វើបច្ចុប្បន្នភាពផែនការ យុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍកៅស៊ូឱ្យបានសមស្រប។ ដូច្នេះចាំបាច់ត្រូវប្រមូលធាតុចូលឱ្យគ្រប់គ្រាន់ អគ្គនាយកដ្ឋានកៅស៊ូត្រូវចុះពិនិត្យនិងណែនាំទៅដល់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ឲ្យរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការគ្រប់គ្រង និងការអនុវត្តប្រចាំខែ ប្រចាំឆ្នាំ រួមនឹងគម្រោងផែនការដាំដុះ និងផែនការអាជីវកម្មប្រចាំឆ្នាំ រួចផ្ញើមកអគ្គនាយកដ្ឋានកៅស៊ូ។
អគ្គនាយកដ្ឋានកៅស៊ូត្រូវសហការជាមួយ ELCs លើការងារបច្ចេកទេសដាំដុះ ការថែទាំ ការយកផល ការកែច្នៃ រួមទាំងការនាំចេញផងដែរឱ្យបានសមស្របតាមលក្ខខណ្ឌបច្ចេកទេសនិងនីតិវិធីជាធរមាន។ ទី២-ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះទីផ្សារនាំចេញផលិតផលកៅស៊ូដោយត្រូវគិតគូរជាចម្បងទៅលើ៖ ទីផ្សារ ជំរុញការធ្វើពិពិធកម្មផលិតផលកៅស៊ូកែច្នៃបឋម ជាប្រភេទផលិតផលជ័រកៅស៊ូខាប់និងកៅស៊ូចំរុះ សិក្សាអំពីតម្រូវការធនធានមនុស្សបម្រើក្នុងវិស័យកៅស៊ូ ត្រូវពិនិត្យឡើងវិញអំពីយន្តការគ្រប់គ្រងមួយឱ្យបានច្បាស់លាស់ចំពោះចម្ការកៅស៊ូកសិឧស្សាហកម្មនិងចម្ការកៅស៊ូគ្រួសារ រួមទាំង រោងចក្រនិងសិប្បកម្មកែច្នៃកៅស៊ូបឋម។ ទី៣-ត្រូវសិក្សាបន្ថែមលើការងារស្រាវជ្រាវបច្ចេកទេស ការពង្រីកទីតាំងស្ថានីយនិងមន្ទីរពិសោធន៍ បង្កើនសមត្ថភាពស្រាវជ្រាវ ផ្សព្វផ្សាយ បង្ហាញនិងផ្ទេរបច្ចេកវិទ្យា។ ទី៤-ត្រូវបន្តជំរុញចងក្រង និងពង្រឹងសហគមន៍កសិករកៅស៊ូគ្រួសារដើម្បីបង្កើតកាលានុវត្តភាពក្នុងការការពារផលប្រយោជន៍របស់កសិករទាំងការដាំដុះ ការយកផល ការកែច្នៃ និងអំណាចនៃការចរចាថ្លៃពេលលក់ផលិតផល។ ទី៥-ត្រូវបន្តកៀរគរនិងទាក់ទាញរកប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាពីដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីអនុវត្តឱ្យសម្រេចបានតាមគោលដៅនៃផែនការយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍកៅស៊ូឱ្យទទួលបានជោគជ័យ។ ទី៦-សិក្សាស្រាវជ្រាវអំពីលទ្ធភាពក្នុងការបង្កើនទិន្នផល ដើម្បីឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់ប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ។ ទី៧-ជំរុញសិប្បកម្មកែច្នៃឲ្យកាន់តែជិតសហគមន៍កៅស៊ូគ្រួសារដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនតម្លៃបន្ថែមលើផលិតផល។ ទី៨.អគ្គនាយកដ្ឋាន និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូត្រូវសហការគ្នា ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីជាប្រយោជន៍ក្នុងការអនុវត្តភារកិច្ចឲ្យបានទទួលជោគជ័យ៕ ដោយ៖បញ្ញាស័ក្តិ