ភ្នំពេញ÷បុរសម្នាក់បានបាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យរុស្សុីបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យដួលបាក់ក និងបែកថ្លើមស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១០និង១៥ នាទីយប់ថ្ងៃអង្គារទី៩ ខែមីនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមាន ឈ្មោះនួន ឆោវន្ត ភេទប្រុសអាយុ២៨ ឆ្នាំ មុខរបរលក់រថយន្ត មានទីលំនៅ ផ្ទះលេខ ២៩ ផ្លូវ សុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីបងប្រុសម្នាក់នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញម៉ូតូមួយគ្រឿងម៉ាកស្គុបពីពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1-IO 7953 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនបានរេចង្កូតជ្រុលទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យដួលម៉ូតូបាក់ ក និងបែកថ្លើមស្លាប់ក្រោយពេលរថយន្តសាម៉ុយដឹកដល់មន្ទីរពេទ្យរុស្សុី ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់រួចធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌមានជ័យ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សាមេត






