សៀមរាប ៖ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២០ បានធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះយ៉ាងគំហុគ ដែលជិះឥទ្ធិពលមកលើប្រទេសកម្ពុជា ដោយមានភ្ញៀវទេសចរ ទៅទស្សនាខេត្តសៀមរាប ជាង១លាន១សែននាក់ បានថយចុះជាង ៧៤ភាគរយ នេះបើប្រៀបធៀបនឹងឆ្នាំ២០១៩។
ដើម្បីលើកស្ទួយទេសចរណ៍នៅក្នុងខេត្តសៀមរាប ក្រៅពីតំបន់ទេសចរណ៍ប្រាសាទបុរាណ និងសេវាកម្មទេសចរណ៍ នៅក្នុងឆ្នាំ២០២១នេះ រដ្ឋបាលខេត្ត បានកំណត់គោលដៅពង្រីកតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់កែច្នៃបន្ថែមទៀត។
ក្នុងរបាយការណ៍សង្ខេបមួយស្តីពីលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១, រដ្ឋបាលខេត្តសៀម រាប ក៏នឹងពង្រីកការអភិវឌ្ឍន៍ធនធានមនុស្ស ផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ លើការងារបដិសណ្ឋារកិច្ច សេវាកម្មដឹកជញ្ជូន និងសេវាមគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ទៅតាមតំបន់គោលដៅទេសចរណ៍ក្នុងក្រុង និងបណ្ដាស្រុកផងដែរ។
ឆ្លើយតបទៅនឹងស្ថានភាពនៃការធ្លាក់ចុះភ្ញៀវទេសចរ ស្របតាមវិធានការនានា របស់រាជរដ្ឋាភិបាល ខេត្តសៀមរាប នឹងអនុវត្តសកម្មភាពនានា ដូចជា ការស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកែលំអសោភ័ណភាពក្នុងក្រុង ប្រកបដោយភាពទាក់ទាញ និងទីក្រុងឆ្លាតវៃ។ដោយផ្អែកលើសម្បត្តិវប្បធម៌ និងទីតាំងភូមិសាស្ត្រ បានធ្វើឲ្យខេត្តសៀមរាប មានសក្តានុពលសេដ្ឋកិច្ចជាចម្បង លើវិស័យកសិកម្ម និងទេសចរណ៍។ តាមរយៈសក្តានុពលទាំងនេះ បានធ្វើឲ្យសេដ្ឋកិច្ចខេត្តសៀមរាប ទទួលបាននូវផលិតផលក្នុងស្រុកសរុប (GDP) ចំនួន១,៦៣៦លានដុល្លារ ជាមួយនឹងប្រាក់ចំណូលជាមធ្យម សម្រាប់មនុស្សម្នាក់ ស្មើនឹងជាង១,៥០០ដុល្លារអាមេរិក។
គួរបញ្ជាក់ថា បន្ទាប់ពីវិស័យទេសចរណ៍ធ្លាក់ចុះ ក្នុងអំឡុងពេលនៃការរាតត្បាតពីជំងឺកូវីដ-១៩នេះ ធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅខេត្តសៀមរាប ដែលប្រកបរបរក្នុងវិស័យនេះធ្លាក់ចុះ ហើយប្រជាពលរដ្ឋបានផ្លាស់ប្តូរ មុខរបរ មកធ្វើលើវិស័យកសិកម្មវិញ ដូចជា ការចិញ្ចឹមសត្វ ការដាំដំណាំបន្លែបង្ការ និងដំណាំរួមផ្សំផ្សេងៗ និង បានធ្វើឱ្យសកម្មភាព ឬលទ្ធផលការងារកសិកម្ម កើនឡើងជាងមុនពេលមានព្រឹត្តិការណ៍កូវីដ-១៩៕
រក្សាសិទ្ធិដោយ៖CEN



