ខេត្តសៀមរាប ៖ អាជ្ញាធរខេត្តសៀមរាបដាក់ចំណាត់ការបែបនេះបន្ទាប់ពីពេលបច្ចុប្បន្ននេះ ស្ថានភាពកូវីដ១៩ កំពុងរីករាលដាលក្នុងសហគមន៍ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ហើយរាជរដ្ឋាភិបាលក៏ បានបង្កើនការចាត់វិធានការកំរិតខ្ពស់បន្ថែមទៀត។
ឯកត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប បានសម្រេចដាក់ចេញវិធានការត្រួតពិនិត្យសុខភាពបឋមនៅចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ ។
រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថាការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើ ដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់ទេដោយគ្រាន់តែមាន ការត្រួតពិនិត្យសុខភាពបឋម ដោយមិនមានតម្រូវឱ្យធ្វើចត្តាឡីស័កលើក លែង តែករណីសង្ស័យ។
សូមជម្រាបថា ចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២១នេះ ក្រុមការងារក៏បានដាក់ដំណើរ ត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិ នៅ ចំណុចព្រំប្រទល់នេះ ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រងព្រមណែនាំឲ្យអនុវត្តការស្កែន QR Code Stop COVID-19 “ទប់ស្កាត់ជំងឺកូវីដ១៩ ”ផងដែរ។
ស្របពេលជាមួយគ្នាដូចនេះដែរ អាជ្ញាធរខេត្តសៀមរាបក៏បានអំពាវនាវសូមបងប្អូនធ្វើដំណើរឆ្លងកាត់ចំណុចនេះ សូមចូលរួមអនុវត្តតាម ការណែនាំរបស់ក្រុមការងារដែលប្រចាំការនៅទីនោះកុំបីខាន ៕ រក្សាសិទ្ធិដោយ៖CEN





