Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​ស្វាយរៀង​ចុះ​ពិនិត្យ​វត្ត​ក្នុង​ក្រុង​ស្វាយរៀង សម្រាប់​ត្រៀម​រៀបចំ​ធ្វើ​ឈាបនដ្ឋាន សម្រាប់​បូជា​អ្នកជំងឺ​កូ​វីដ​១៩ ទទួលមរណភាព​

​ស្វាយរៀង ៖ អនុវត្តតាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​អង្គារ ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ខេត្ត បាន​ចាត់​ឱ្យ​ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ខេត្ត ដឹកនាំ​ក្រុមការងារ និង​កម្លាំង​ជំនាញ ចុះ​ពិនិត្យ លក្ខណៈសម្បត្តិ ពិនិត្យ​ទីតាំង​តាម​វត្ត​នានា​ក្នុង​ក្រុង​ស្វាយរៀង សម្រាប់​ត្រៀម​រៀបចំ​ធ្វើ​ឈាបនដ្ឋាន ក្នុងករណី​ដែលមាន​អ្នកជំងឺ​កូ​វីដ​១៩ ទទួលមរណភាព កំឡុងពេល​សម្រាក​ព្យាបាល​ក្នុង​ខេត្ត ក្រុមការងារ​បាន​ពិនិត្យឃើញ​ទីតាំង​វត្ត​កោះ​ជុំ ដែលមាន​ទីធ្លា​ធំ​ទូលាយ និង​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន អាច​រៀបចំ​ធ្វើ​ឈាបនដ្ឋាន​សម្រាប់​ត្រៀម​បំរុង​ទុក​បាន ។

​ទន្ទឹម​នោះ និង​រៀបចំ​ក្រុម​ជាង​សាងសង់ និង​អ្នកជំនាញ​ធ្វើ​ប្លង់​បច្ចេកទេស​ឡ​បូជា​អោយបាន​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ រៀបចំ​កន្លែង​ឈាបនដ្ឋាន​បូជាសព ប្រសិនបើ​មាន​ករណី​ស្លាប់​ដោយសារ​កូ​វីដ​–១៩ ។ សម្ដេច​តេ​ជោ បញ្ជាក់ថា ការបូជា​នេះ មិនមែន​ប្រទេស​កម្ពុជា​គ្មាន​ដី​សម្រាប់​បញ្ចុះ​ទេ ពោលគឺ​ដើម្បី​បាន​ធាតុ​ជូន​ដល់​សាច់ញាតិ​របស់​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​សាសនា របស់គេ​តែប៉ុណ្ណោះ​។​

​យោងតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រសាសន៍ថា ក្រោយពី​សម្តេច​មានការ​ពិភាក្សា​យ៉ាង​ម៉ត់ចត់​រួច​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង រួចហើយនោះ សម្តេច បានសម្រេច ត្រូវតែ​បូជា​ចំពោះ​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត ដោយសារ​ករណី​មេរោគ​កូ​វីដ​–១៩​នេះ បើទោះបីជា​ទំនៀមទម្លាប់​ជនជាតិ​ខ្លះ មិនអាច​ធ្វើការ​បូជា​ក៏ដោយ​នោះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករ​ដុ្ឋ​មន្ត្រី ក៏បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ត្រៀម​កន្លែង​ដ៏​សមស្រប​មួយ ដើម្បី​ធ្វើ​ប​ច្ឆា​សម្រាប់​បូជាសព ជនរងគ្រោះ ដែល​បាន​ស្លាប់​ហើយ​ប​ច្ឆា​នោះ ក៏​អនុញ្ញាត​ឲ្យ​រៀបចំ​បូជា​ប្រជាពលរដ្ឋ​ធម្មតា បាន​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ផងដែរ​ថា បើទោះបី​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​ពុំទាន់​មាន​ករណី​ស្លាប់​ដោយសារ​មេរោគ​កូ​វីដ​–១៩​ក្តី ប៉ុន្តែ​វា​ការត្រៀម​មួយ​សម្រាប់​ផ្តល់​ភាពងាយស្រួល​កុំ​ឲ្យ​បាត់​នូវ​ម្ចាស់ការ នា​ពេលដែល​ករណីនេះ បានកើត​ឡើង ។ សម្តេច ក៏បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ក្រសួងសុខាភិបាល និង​ក្រសួងយុត្តិធម៌​ក៏ត្រូវ​តាក់តែង​អនុក្រឹត្យ​ដោយ​លម្អិត​មួយ​ទាក់ទង​នឹង​អ្នកជំងឺ​កូ​វីដ​–១៩​នេះ​ផងដែរ​។​

​សូមបញ្ជាក់ថា គិត​ត្រឹម ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០២១ ប្រទេស​កម្ពុជា ពុំមាន​ករណី​ស្លាប់ ដោយសារ​មេរោគ​កូ​វីដ​១៩-​នេះឡើយ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×