កាលពីម្សិលមិញនេះ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ឃើញថាផ្ទុះកក្រើកតែម្តង ទាក់ទងនឹងព័ត៌មានករណីផ្ទុះកូវីដ-១៩ ឆ្លងចូលក្នុងចំណោមអ្នកសិល្បៈរបស់ស្ថានីយទូរទស្សន៍ ហង្សមាស ក្នុងនោះមានពិធីការិនីល្បីឈ្មោះ កែវ ចាន់នីមល ត្រូវបានវិជ្ជមានកូវីដ-19 រួមនឹងគ្រួសារ និងបន្ទាប់មក ចូលដល់តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ក៏ត្រូវបានចេញលទ្ធផលតេស្តវិជ្ជមានផងដែរ។
ជុំវិញករណីនេះផងដែរ ដើម្បីបញ្ជាក់ឲ្យកាន់ច្បាស់បន្ថែមទៀត តាមរយៈកម្មវិធីព័ត៌មានហង្សមាស លោក មាស រិទ្ធី ក៏បានតេសួរតាមរយៈទូរស័ព្ទទៅកាន់អ្នកនាង និមល ផ្ទាល់តែម្តង ដោយអ្នកនាងបានប្រាប់ចេញពីកន្លែងធ្វើចត្ថាឡីស័កថា អ្នកនាង និងគ្រួសារ ពិតជាបានឆ្លងជំងឺកូវីដ-១៩ ដូចដែលបណ្តាញព័ត៌មានចុះផ្សាយប្រាកដមែន និងពេលនេះ កំពុងសម្រាកព្យាបាល។
ចំពោះមូលហេតុផ្តើមឡើង អ្នកនាង និមល ក៏បានបញ្ជាក់ត្រង់ៗថា អ្នកនាងបានឆ្លងជំងឺកូវីដ-១៩ នេះ ពីលោក ទីតូ ជាអ្នកនាំការថត ដែលវិជ្ជមានកូវីដ-១៩។ ហើយជុំវិញការឆ្លងនេះផងដែរ គឺកើតឡើងនៅពេលដែលអ្នកនាងទៅថតស្ពតផ្សព្វផ្សាយទាក់ទងកូវីដ-១៩ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈលោក ទីតូ លេចចេញអាការមិនស្រួលខ្លួន ដែលមានន័យថាលោកបានវិជ្ជមានកូវីដ-១៩ បាត់ទៅហើយ។ អ្នកនាង និមល បន្តថា ក្រោយថតបានប៉ុន្មានថ្ងៃក្រោយមក (ប្រហែល ៤-៥ ថ្ងៃ) ក៏ស្រាប់តែចាប់ផ្តើមមានអាការៈមិនស្រួលខ្លួនដូចគ្រុន (តែគ្រុនខុសពីធម្មតា)។
អ្នកនាង និមល ក៏បានផ្ញើជាសារចែករំលែកនូវអ្វីដែលបានសម្គាល់ពីអាការក្រោយឆ្លងកូវីដ-១៩ ដើម្បីឲ្យបងប្អូនបានដឹងថា ដំបូងៗ គឺមិនទាន់ឈឺកទេ តែចាប់ផ្តើមល្ហិតល្ហៃដៃជើង និងអស់កម្លាំងគ្រឹបខ្លាំងតែម្តង ហើយងងុយគេង តែគេងអត់លក់ ដែលសញ្ញានេះគឺខុសពីគ្រុនធម្មតាដែលធ្វើឲ្យអ្នកនាងមានការព្រួយបារម្ភខ្លាំងតែម្តង។
សូមបញ្ជាក់ថា បច្ចុប្បន្ន អ្នកនាង និមល កំពុងសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង១បន្ទប់ជុំប្តី និងកូន ដែលក៏ឆ្លងកូវីដ-១៩ ទាំងអស់គ្នាផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






