ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ បានអញ្ជើញដឹកនាំ គណៈប្រតិភូតំណាងរាជរដ្ឋាភិបាលបានចូលរួម កិច្ចប្រជុំនេះធ្វើ ឡើង នៅព្រឹកថ្ងៃពុធ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ចូលរួម កិច្ចប្រជុំជាមួយលោកជំទាវ មាន សំអាន ប្រធាន គណៈកម្មការទី៨ និងឯកឧត្តម លោកជំទាវ តំណាងគណៈ កម្មការជំនាញនានានៃព្រឹទ្ធសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ ស្តីពីវិធាន ការទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត នាវិមានព្រឹទ្ធសភា ។
សូមរំលឹកថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័តគាំទ្រជាឯកច្ឆន្ទ កាលពីថ្ងៃទី៥ ខែ មីនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋ សភាជា វិសាមញ្ញ នីតិកាលទី៦ ។
សេចក្តីព្រាងច្បាប់ខាងលើនេះមាន ៦ ជំពូក និង១៨មាត្រា ដែលបានរៀប ចំ ឡើងដោយក្រសួងយុត្តិធម៌ រួមជាមួយក្រសួងសុខាភិបាល ក្នុងបរិយាការណ៍ដែលពិភពលោកក៏ដូចជាប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងការរីករាលដាលកាន់តែខ្លាំងឡើងនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលអាចបណ្តាលឱ្យមានភាពជ្រួលច្របល់ និងមានផលប៉ះពាល់ដ៏ធំធេងលើផ្នែកសុខភាពសាធារណៈ ពិសេសអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច សង្គមកិច្ច ថែមទៀតផង ។
សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី៥ ខែមីនាឆ្នាំ២០២១ បានកំណត់ថា បើបុគ្គលណាអ្នកគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងចត្តាឡីស័ក ត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ១០លានរៀលកាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។
ដោយឡែក ចំពោះបុគ្គលណាអ្នកគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាលត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យ ជាប្រាក់ពី៥ លានរៀល ទៅ២០លាន រៀល និងត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំកាលបើអំពើ ខាងលើនេះ បានបណ្តាលឱ្យមាន ការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។
ហេតុនេះហើយបានជាក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល បានសហការគ្នាយ៉ាងស្អិតរមួតក្នុងគោលបំណងធ្វើសេចក្តីព្រាងច្បាប់នេះ ឱ្យបានទាន់ពេលវេលា ស្របតាមសភាពការណ៍ជាក់ស្តែងក្នុងសង្គម ដើម្បីបង្កើតជាមូល ដ្ឋាន គតិយុត្ត ដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀតងាយស្រួលក្នុងការគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕រក្សាសិទ្ធិដោយ៖CEN







