លោក Muhammad Azlan Al-Amin ដែលធ្លាប់ជាអ្នកប្រមូលសំរាម បានក្លាយជាសេដ្ឋី រស់នៅនៅភូមិជនបទមួយកន្លែង នៅក្នុងស្រុក Besut រដ្ឋ Teregganu ប្រទេសម៉ាឡេស៊ី បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម សម្តែងនូវការកោតសរសើរជាខ្លាំង ក្រោយបានឃើញពីទង្វើរដ៏ល្អរបស់គាត់ ចំពោះអ្នកភូមិជនបទ តាមរយៈការផ្តល់ឱកាសឲ្យពួកគេបានស្គាល់ «រសជាតិ» ជិះយន្តហោះ។
លោក Azlan Al-Amin បានសរសេរថា៖ «សុភមង្គលរបស់ពួកគេ គឺជាសុភមង្គលរបស់ខ្ញុំ។ ខ្ញុំបានទទួលយកអ្នកភូមិជិត ៣០០ នាក់ ជិះឧទ្ធម្ភាគចក្រ ក្នុងរយៈពេល ៦ថ្ងៃ នៅស្រុកកំណើត Besut ។ សូមអរគុណចំពោះការផ្តល់ការណែនាំពីអាជ្ញាធរ យើងបានយកចិត្តទុកដាក់លើ SOPs ចាំបាច់ ដូចជាការផ្តល់នូវបញ្ជីឈ្មោះរបស់ប្រជាពលរដ្ឋ ដែលបានមកទស្សនា និងក៏ដូចជាបានទទួលនូវបទពិសោធន៍នៅលើអាកាសរបស់ពួកគេផងដែរ»។
គាត់បាននិយាយថាថា៖ «សម្រាប់អ្នកភូមិទាំងអស់ដែលមានឱកាសបានមក ខ្ញុំបានផ្តល់ឱ្យពួកគេនូវឱកាសជិះឧទ្ធម្ភាគចក្រដោយហ្វ្រី ដោយមិនចាំបាច់បង់ប្រាក់អ្វីឡើយ។ កុំសួរខ្ញុំថាតើវាមានតម្លៃប៉ុន្មានសម្រាប់រយៈពេល៦ថ្ងៃ»។ គាត់បន្ថែមថា «អ្វីក៏ដោយ វាគឺជាសុភមង្គលរបស់ពួកគេ។ សូមថ្លែងអំណរគុណចំពោះអ្នកដែលអធិស្ឋានសម្រាប់ខ្ញុំ»។
យោងតាម Sina Harian បានឱ្យដឹងថា លោក Muhammad Azlan Al-Amin មកពីគ្រួសារដែលមិនសូវមានសំណាងទេ ហើយគាត់ធ្វើការអ្នកប្រមូលសំរាមអស់រយៈពេល៦ខែ ប៉ុន្តែ គាត់បានប្រែក្លាយពីជីវិតដ៏ក្រីក្ររបស់គាត់ ក្លាយជាសេដ្ឋីដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោយពីគាត់រកឃើញនូវវិធីហក់ចូលទៅក្នុងវិស័យអចលនទ្រព្យ។
រឿងរ៉ាវពីជីវិតពិតរបស់គាត់ ក៏ត្រូវបានចុះផ្សាយនៅក្នុងសៀវភៅមួយ ដែលបានដាក់ចំណងជើងថា៖ «អាថ៌កំបាំងរបស់អ្នកប្រមូលសំរាម ក្លាយជាសេដ្ឋី»។
យ៉ាងណាមិញ ជាមួយនឹងទង្វើរដ៏គួរឲ្យកោតសរសើររបស់គាត់ មហាជនក៏បានលើកឡើងថា «ប្រសិនបើមានសេដ្ឋីទាំងអស់ មានទឹកចិត្តដូចជាលោក Muhammad Azlan Al-Amin នោះពិភពលោកនេះមិនដឹងថានឹងជាទីកន្លែងដ៏ល្អប្រសើរជាងមុនយ៉ាងណាទេ!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង