Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​មន្ទីរ​កសិកម្ម ជំរុញ​ឲ្យ​កសិករ​ផលិត​ដំណាំ ដើម្បី​តម្រូវការ​ទីផ្សារ​ក្នុង​ខេត្តស្ទឹងត្រែង​

​ស្ទឹងត្រែង ៖ ខេត្តស្ទឹងត្រែង​គឺជា​ខេត្ត​មួយ​ដែល​សម្បូរ​ទៅដោយ​ប្រភពទឹក​និង​ដី អំណោយផល​ដល់​ផ្នែក​កសិកម្ម​-​កសិឧស្សាហកម្ម​។​
ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខេត្ត​មួយ​នេះ​៨០ ភាគរយ ប្រកបមុខរបរ​ធ្វើស្រែ​ចំការ​នេសាទ​ត្រី និង​ដាំ​ដំណាំ​តាម​លក្ខណៈ​ប្រពៃណី​។​

​លោក​ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​ចុះ​ជួប​កសិករ​ដាំ​ដំណាំ​ចម្រុះ នៅ​ស្រុក​សេ​សាន​នា​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ ២០២១​។​

​ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ បាន​ជំរុញ​ដល់​កសិករ​ឲ្យ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ខ្ពស់ អនុវត្ត​ដាំ​ដំណាំ​ទៅតាម​បច្ចេកទេស ដែល​ទទួលបាន​ពី​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម​។​

​លោក​ទុំ នី​រ៉ូ បាន​បន្ថែមទៀតថា លោក​កំពុងតែ​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការដាំ​ដំណាំ​ជាច្រើន​មុខ​បន្ថែមទៀត ដើម្បី​តម្រូវការ​ទីផ្សារ​។ ការដាំដុះ​នោះ​ត្រូវតែ​អនុវត្ត​ទៅតាម​បច្ចេកទេស ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​អ្វី ដែល​មន្ត្រី​ជំនាញ​កសិកម្ម​ក៏ដូចជា​អង្គការក្រៅរដ្ឋាភិបាល បាន​ជំរុញ​កន្លងមក​។ ដំណាំ​ដែល​ពួកគាត់​បាន​ដាំ​ទទួលបាន​ទិន្នផល​ខ្ពស់ និង​បាន​យកទៅលក់​នៅលើ​ទីផ្សារ ដើម្បី​បង្កើន​ប្រាក់ចំណូល​ដល់​ក្រុមគ្រួសារ​នៅក្នុង​សហគមន៍​។​

​លោក​ទុំ នី​រ៉ូ បាន​បញ្ជាក់ថា មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង បាន​ដើរតួនាទី​ជា​ស្នូល​ផ្ដល់នូវ​បទពិសោធន៍​បច្ចេកទេស និង​លើកទឹកចិត្ត​ដល់​កសិករ​គំរូ ដែល​ចូលចិត្ត​ដាំ​ដំណាំ​ជាច្រើន​មុខ ដើម្បី​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​។ ទន្ទឹមនឹង​ការទទួលបាន​ទិន្នផល​នេះ ក៏មាន​ការជំរុញ​ជួយ​ជ្រោមជ្រែង ពី​អង្គការក្រៅរដ្ឋាភិបាល​ផងដែរ​។​

​អ្នកស្រី​ផេ​វ ចាន់ថន វ័យ​៥៣​ឆ្នាំ រស់នៅ​ភូមិ​សាម​ឃួ​យ ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​រៀបរាប់ថា ពីមុនមក​គាត់​ដាំ​បន្លែ​តាមបែប​ទម្លាប់​ពី​បុរាណ​ឪពុកម្ដាយ​តម​ក គ្រាន់​បាន​ហូប​តែប៉ុណ្ណោះ​។ ឥឡូវនេះ មន្ត្រី​ជំនាញ​កសិកម្ម​បាន​ពន្យល់​ណែនាំ ពី​អត្ថប្រយោជន៍​នៃ​ការដាំ​បន្លែ ទៅតាម​បច្ចេកទេស ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ ទើប​ធ្វើ​ឲ្យ​គាត់​មានការ​ចាប់អារម្មណ៍​។​

បន្ទាប់មក គាត់​ក៏​ចាប់ផ្ដើម​ដាំ​បន្លែ​ជាច្រើន​មុខ ឲ្យ​កាន់តែច្រើន​រហូត​ទទួលបាន​ទិន្នផល​ខ្ពស់​។ ពេល​បាន​ផល​មាន​គេ​ទៅ​ទិញ​សល់​ផ្ទះ និង​មួយចំនួនទៀត​យកទៅលក់​នៅ​ផ្សារ​ស្ទឹងត្រែង ដោយ​ខ្លួនឯង​។ កាន់តែ​យូរ​ទៅ មាន​គេ​ស្គាល់​គេ​មក​ទទួល​ទិញ ដោយផ្ទាល់​ដល់ផ្ទះ​គាត់​។​

កសិករ​ផេ​វ ចាន់ថន បាន​ប្រាប់ថា ការដាំ​បន្លែ​កាន់តែ​ច្រើនឡើង ធ្វើ​ឲ្យ​គាត់​មាន​ក្តីសង្ឃឹម បន្ទាប់ពី​ទទួលបាន​ប្រាក់ចំណូល​បន្ថែម សម្រាប់​ផ្គត់ផ្គង់​ដល់​ជីវភាព​គ្រួសារ​គាត់​។ ថែមទាំង​អាច​ផ្ដល់​លទ្ធភាព​ឲ្យ​កូន បន្ត​ការសិក្សា​ទៀតផង​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

×