ព្រះសីហនុ ៖ បើមិនស្រឡាញ់ខ្លួនឯង សូមកុំបំផ្លាញក្ដីសុខអ្នកដទៃ ៤ ករណី ក្នុងនោះ ១ករណីឡានក្រឡុកស៊ីម៉ង់ បានបន្លំលួចដឹកអ្នកដំណើរ ឯ ៣ករណីទៀត បើកគេចពីការត្រួតពិនិត្យវាងតាមផ្លូវល្បឿនលឿន។
កាលពីយប់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២១ មានករណីរថយន្តក្រឡុកស៊ីម៉ង់ត៌ចំនួន០១គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពត បានបន្លំដឹកអ្នកដំណើរម្នាក់ ឆ្លងគោលដៅសមត្ថកិច្ចត្រួតពិនិត្យត្រង់ចំនុចស្ពានត្រពាំងរពៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ឃាត់មកអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។
ចំពោះ ៣ករណីផ្សេងទៀត អាជ្ញាធរខេត្តព្រះសីហនុ ឃាត់ខ្លួន អ្នកបើកបរគេចពីគោលដៅសមត្ថកិច្ចត្រួតពិនិត្យ ដោយវាងទៅតាមផ្លូវល្បឿនលឿន ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាឃាត់សួរនាំ ។
សូមជម្រាបជូន កាលពីយប់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២១ មានករណីរថយន្តក្រឡុកស៊ីម៉ង់ត៌ចំនួន០១គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពត បានបន្លំដឹកអ្នកដំណើរម្នាក់ ឆ្លងគោលដៅសមត្ថកិច្ចត្រួតពិនិត្យត្រង់ចំនុចស្ពានត្រពាំងរពៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ឃាត់មកអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។
យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោម៖
ឈ្មោះ ទៀង ផាន់នី ភេទប្រុស អាយុ ៣៩ឆ្នាំ បើកបររថយន្តក្រឡុកស៊ីម៉ងត៌របស់ក្រុមហ៊ុនជឿនលឿន ពាក់ស្លាកលេខ ភ្នំពេញ 3A-9421 ដឹកស៊ីម៉ង់ត៌របស់ ក្រុមហ៊ុនខេស៊ីមែនគោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពត ដោយបានបន្លំដឹកអ្នកដំណើរម្នាក់(ខ្មែរ) ជាបុគ្គលិកបំរើការនៅកាស៊ីណូមួយកន្លែងនៅក្នុងក្រុងព្រះសីហនុ មកដល់គោលដៅត្រួតពិនិត្យក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់តែម្ដង។
រថយន្ដខាងលើនេះ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។
កាលពីយប់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២១ មានករណីរថយន្តតាក់ស៊ីចំនួន០៣គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ បានបើកគេចពីគោលដៅសមត្ថកិច្ចត្រួតពិនិត្យ ដោយវាងទៅតាមផ្លូវល្បឿនលឿន ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។
យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកកំពង់សីលា នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោម
១.ឈ្មោះ កុច វ៉ាន់ណាក់ ភេទប្រុស អាយុ ២៧ឆ្នាំ បើកបររថយន្ដម៉ាកស៊ីណា ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BF -6375 គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ មានដឹកមនុស្ស១នាក់ប្រុស (ខ្មែរ) និងឥវ៉ាន់មានគ្រឿងសមុទ្រ ៦កេះ។ បានបើកបរវាងតាមផ្លូវល្បឿន ពេលនោះក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់តែម្ដង ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។
២.ឈ្មោះ ចាន់ គឹមហ៊ាន ភេទប្រុស អាយុ ៣៨ឆ្នាំ បើកបររថយន្ដស្ដារិច ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC -8943 ដឹកមនុស្សចំនួន ៣នាក់ ស្រី ០១នាក់ ប្រុស ០២នាក់ (ខ្មែរ) និងឥវ៉ាន់មាន អង្ករកន្លះបាវ ប្រហុកដាក់ថង់ខ្មៅមួយកញ្ចប់។ បានបើកបរវាងតាមផ្លូវល្បឿន ពេលនោះក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់តែម្ដង ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។
៣. ឈ្មោះ ហួត សុផារ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ បើកបររថយន្ដម៉ាកហាយលេនដឺ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-2002 គោលដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ដឹកមនុស្សពីរនាក់ប្ដីប្រពន្ធ (ខ្មែរ) និងឥវ៉ាន់មាន ឆ្នាំងបាយអគ្គិសនី ២គ្រឿង ទូរទស្សន៍ ១គ្រឿង ម៉ាកសាប ។ បានបើកបរវាងតាមផ្លូវល្បឿនលឿន ពេលនោះក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់តែម្ដង ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។
រថយន្ដទាំង០៣ខាងលើនេះ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។
ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។
សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕រក្សាសិទ្ធិដោយ : បញ្ញាស័ក្តិ



