ភ្នំពេញ ៖ ទីតាំងបើកខារ៉ាអូខេលួចលាក់មួយកន្លែងឈ្មោះអេន ជេល ត្រូវបានគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ សហការជាមួយកម្លាំងចម្រុះនៃអធិការខណ្ឌ៧មករា បានចុះទៅបិទនិងឃាត់មនុស្សប្រុសស្រីជាច្រើននាក់ រួមនឹងវត្តុតាងមួយចំនួនទៀត ដោយសាតែចុះណែនាំម្តងហើយម្តងទៀត ដោយមិនគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។
ហេតុការណ៍ចុះបង្ក្រាបនេះដែរ ធ្វើឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២១ ចំណុចក្នុងបុរីកីឡា ក្រុម១២ តាមបណ្តោយ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើយោងតាមប្រភព ពីសមត្តកិច្ចខណ្ឌ៧មករា បានឲ្យដឹងថា កន្លែងទីតាំងខាងលើមួយនេះ អាជ្ញាធរមានសមត្ថកិច្ច ធ្លាប់ចុះទៅណែនាំជាច្រើនលើកមកមកហើយ តែនៅតែបន្តលួចបើក ទើបកម្លាំងនៃគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ បានសហការនិងកម្លាំងគណៈបញ្ជាការខណ្ឌ៧មករា ចុះទៅបិទតែម្ដងទៅ។
ហើយនៅក្នុងនោះដែរ ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ដាក់លើរថយន្តទៅកាន់ស្នងការាជធានីភ្នំពេញ ដើម្បីធ្វើតេស្តរកកូវីដ១៩ បើមិនជាប់ពាក់ព័ន្ធទេ សមត្ថកិច្ចនិងធ្វើការអប់រំនិងណែនាំ ឲ្យត្រលប់មកវិញ៕ រក្សាសិទ្ធិដោយ៖ សា មេត







