ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅខែដំបូង ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសវៀតណាម មានទឹកប្រាក់៤៨លានដុល្លារ ខណៈការនាំចូលពីវៀតណាម មានទឹកប្រាក់រហូតដល់២៧១លានដុល្លារ។
របាយការណ៍បានឱ្យដឹងទៀតថា គិតចាប់ពីឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១ កម្ពុជា បាននាំចេញទំនិញ ទៅកាន់ប្រទេសវៀតណាម សរុបចំនួន៤៣៤,៣៤៣,៦៩០ដុល្លារ និងការនាំចូលទំនិញពីប្រទេសវៀតណាមវិញ សរុបចំនួន២,៩០៤,៩៨០,៧៦១ដុល្លារ។
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យ បានបញ្ជាក់ប្រាប់បណ្តាញ ព័ត៌មានថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅក្នុងឆ្នាំ២០២០ មានការកើនឡើង ប្រមាណ១៤ភាគរយ ខណៈការនាំចូលទំនិញវៀតណាម មកកាន់កម្ពុជា មានការធ្លាក់ចុះ ប្រមាណ៣.១០ភាគរយ បើធៀបនឹងឆ្នាំ២០១៩។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ឆ្នាំ២០២០ កម្ពុជា បាននាំចេញទំនិញ ទៅកាន់ប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់ ចំនួន៣៨៥,៧៩២,១៩៣ដុល្លារ ដោយឡែក វៀតណាម នាំចូលទំនិញមកកាន់កម្ពុជាវិញ ក្នុងទំហំទឹកប្រាក់ ចំនួន២,៦៣៣,៨០៦,២២៣ដុល្លារ។
វៀតណាម ត្រូវបានចាត់ទុកថា ជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុត ទី៣ របស់កម្ពុជា ដែលទំហំពាណិជ្ជកម្មទ្វេភាគី មានកំណើនប្រមាណជិត ១០ % ក្នុងមួយឆ្នាំៗ។
គួរបញ្ជាក់ថា ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញ ទៅវៀតណាម មានដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផលធ្វើពីឈើ បន្លែផ្លែឈើ និងផលិតផល ជាច្រើនមុខទៀត។ រីឯផលិតផលរបសវៀតណាម នាំចូលកម្ពុជាវិញ មានដូចជា ដែក ប្រេងសាំង ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ និងផលិតផលកសិកម្មជាច្រើនទៀត ដូចជាត្រីសាច់ និងបន្លែផ្លែឈើ ព្រមជាមួយនឹងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាច្រើនទៀត៕
រក្សាសិទ្ធិដោយ៖CEN


