បាត់ដំបង ៖ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ឲ្យដឹងថាសាលារៀនសរុបចំនួន ២២កន្លែង ត្រូវយកធ្វើជាកន្លែងចត្តាឡីស័កមានចំនួន៤២អគារនិងស្មើ៣១៦បន្ទប់ ដែលមានសិស្សានុសិស្សចំនួន១១ ៧៤៤នាក់(ស្រី៥ ៨៦៧នាក់)និងលោកគ្រូអ្នកគ្រូចំនួន ៤២២នាក់ (ស្រី២០៨នាក់) ហើយការយកសាលាធ្វើជាមណ្ឌលចត្តាឡីស័កនេះមាន តាមក្រុង-ស្រុកគឺយកមួយសាលា ប៉ុន្តែមានស្រុកខ្លះក៏យកដល់២សាលាផងដែរ ខណៈកំណើនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដែលមានលំនៅដ្ឋាននៅក្នុងខេត្តបាត់ដំបងកាន់តែច្រើន ពិសេសពលករខ្មែរ ទើបដឹកមកពីបណ្ដាខេត្តផ្សេងៗជាប់ព្រំដែន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានប្រាប់ឲ្យដឹងថាអគារសិក្សារ ត្រូវយកជាកន្លែងសម្រាប់ពលករខ្មែរធ្វើចត្តាឡីស័ក មានចំនួនសរុប៤២អគារនិងស្មើរ៣១៦បន្ទប់ ដែលស្មើនឹងសិស្សានុសិស្សចំនួន១១ ៧៤៤នាក់ ស្រី៥ ៨៦៧នាក់និងលោកគ្រូអ្នកគ្រូចំនួន ៤២២នាក់ ស្រី២០៨នាក់ ហើយការយកសាលាធ្វើជាមណ្ឌលចត្តាឡីស័កនេះ គឺតាមក្រុង-ស្រុកយកមួយសាលា ប៉ុន្តែមានស្រុកខ្លះក៏យកដល់២សាលា។
ពាក់ព័ន្ធការយកសាលារៀនធ្វើជាមណ្ឌលចត្តាឡីស័ក រដ្ឋបាលខេត្ត មន្ទីរអប់រំខេត្តនិងអាជ្ញាធរតាមបណ្ដាក្រុង ស្រុក បានស្វែងរកទីតាំងបណ្ដោះអាសន្ននៅក្បែរនោះគឺមានសាលារៀននៅក្បែរគ្នា អគាររដ្ឋបាលរបស់រដ្ឋ អគារឯកជន ផ្ទះសម្បែងរបស់ពលរដ្ឋ ផ្ទះគ្រូជាដើម ដើម្បីពិនិត្យលទ្ធភាពឲ្យសិស្សបានរៀនជាបណ្ដោះអាសន្ន។
លោក យី សុងគី បានបញ្ជាក់ថាដោយសារមានការបន្ទាន់ពេក មានសាលាមួយចំនួនតូច ត្រូវផ្អាកមួយរយៈសិន ដើម្បីមន្ទីរ និងអាជ្ញាធរខេត្តរកកន្លែង សម្រាប់ឲ្យសិស្សបានរៀនសូត្រ ប៉ុន្តែបើការយកសាលាធ្វើជាមណ្ឌលចត្តាឡីស័កនៅតែអូសបន្លាយយូរគឺតម្រូវឲ្យសិស្សរៀនកន្លែងបណ្ដោះអាសន្នបន្តទៀតឬរៀនតាមបែបបណ្ដុំនិងរៀនតាមអនឡាញ ដែលក្រសួងអប់រំ យុវជននិងកីឡា បានអនុញ្ញាត។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក្នុងឱកាសអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក តាមស្រុកមួយចំនួនកាលពីថ្ងៃទី១០ខែមិនាឆ្នាំ២០២១ បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរ សហការជាមួយកងកម្លាំងធ្វើយ៉ាងណារឹតបន្ដឹង ចំពោះការធ្វើចត្តាឡីស័ករបស់ពលករទាំងអស់នោះ ដោយអប់រំពួកគាត់ឲ្យយល់ដឹងនិងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការផាក់ពិន័យ។ចំពោះកន្លែងធ្វើចត្តាឡីស័កនេះ សូមឲ្យអាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំបង្គន់អនាម័យ ភ្លើងអគ្គិសនីឲ្យបានល្អ សម្រាប់ពលករកំពុងធ្វើចត្តាឡីស័កប្រើប្រាស់និងរៀបចំរបបអាហារឲ្យបានគ្រប់គ្នានិងក្នុងដំណាក់កាលកម្ពុជា កំពុងជួបបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍នេះ។សមត្ថកិច្ចការពារព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ពីការលួចឆ្លងដែនខុសច្បាប់របស់ពលករ ដែលជឿតាមការញុះញង់របស់ពួកមេខ្យល់ ហើយគេចវេសពីការធ្វើចត្តាឡីស័ក។
នៅក្នុងរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថាចាប់ពីថ្ងៃទី០៧ខែមីនាឆ្នាំ២០២១ អាជ្ញាធរខេត្តបាត់ដំបង បានបញ្ជូនពលករកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌល ស្រុកកំរៀង ភ្នំព្រឹកនិងស្រុកសំពៅលូន ទៅមូលដ្ឋាន រាជធានី ខេត្តបានជាង៩០០នាក់និងពលករមានលំនៅដ្ឋានក្នុងខេត្តបាត់ដំបង ត្រូវបានដឹកមកពីខេត្តបន្ទាយមានជ័យ ប៉ៃលិននិងឧត្តរមានជ័យ មានជាង១៣២១នាក់៕ រក្សាសិទ្ធិដោយ៖អ៊ុងសារុំ











