ភ្នំពេញៈ ព្រឹទ្ធសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ សេចក្តីព្រាងច្បាប់នេះដែលមាន ៦ជំពូក និង១៨មាត្រា។
លោកម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានប្រសាន៍នៅក្នុងសន្និសទីកាសែតបន្ទាប់ពីចប់កិច្ចប្រជុំវិសាមញ្ញព្រឹទ្សភាថា អង្គប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ បានឲ្យយោបល់យល់ព្រមដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់លើសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចំនួន ៣៩សម្លេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត គឺជាឧបករណ៍គតិយុត្តដ៏មានសារសំខាន់ និងចាំបាច់បំផុតដើម្បីអនុញ្ញាតឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការធានាគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅកម្ពុជាផងដែរ។ សំដៅការពារសុខមាលភាព និងអាយុជីវិតរបស់ប្រជាជន ក៏ដូចជាផ្តល់សន្ទុះឡើងវិញដល់វិស័យសេដ្ឋកិច្ចឲ្យបានទាន់ពេលវេលា មិនតែប៉ុណ្ណោះ សេចក្តីព្រាងច្បាប់នេះ ក៏បង្កើតបានជាមូលដ្ឋានមួយដ៏សំខាន់ដើម្បីបង្កើនភាពម្ចាស់ការ ត្រៀមលក្ខណៈទុកជាមុនក្នុងការប្រយុទ្ធទប់ស្កាត់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតនូវការឆ្លងរាលដាលនៅជំងឺផ្សេងទៀតដែលមានកម្រិតនៃការឆ្លងរាលដាលកាចសាហាវ ឆាប់រហ័ស និងមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងសុខុមាលភាពសាធារណដែលអាចកើតមានជាយថាហេតុនាពេលអនាគត។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។ សេចក្តី ព្រាងច្បាប់នេះដែលមាន ៦ជំពូក និង១៨មាត្រា។
សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។
សេចក្តីព្រាងច្បាប់ថ្មីដែលកើតចេញជារូបរាងនេះ ជាសក្ខីភាពកាន់តែច្បាស់បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលចំពោះអាយុជីវិត និងសុខុមាលភាពប្រជាពលរដ្ឋនៅទួទាំងប្រទេស។
សូមជម្រាបថា រាជរដ្ឋាភិបាលរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ឡើង នាពេលនេះ ស្របពេលបរិការណ៍ដែលកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តាំងពីជំងឺនេះ មានវត្តមាននៅកម្ពុជាមក។
រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់និងបញ្ចប់ប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ចំនួនពីរលើកមកហើយ គឺព្រឹត្តិការណ៍សហគមន៍៣វិចិ្ឆកា និងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងឆ្នាំ២០២០។ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១នេះ កំពុងមានសភាពធ្ងន់ធ្ងរនិងមានទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍លើកមុនៗ។
សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាន ៦ជំពូក និង១៨មាត្រា ដែលនឹងកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះចំពោះវិស័យសង្គមនិងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយៈ ចេស្តារ










