មិនបាច់រៀបរាប់ច្រើន ក៏បងប្អូនអ្នកតាមដានព័ត៌មាននៅលើអ៊ិនធើណែត ប្រហែលជាបានទទួលជ្រាបច្រើនហើយ ដែលមកទល់ពេលនេះ គឺមានមនុស្សជាច្រើននាក់ ត្រូវស្លាប់ក្រោមកណ្តាប់ដៃយោធាភូមា។
យ៉ាងណាមិញ សម្រាប់រូបភាពមួយនេះផងដែរ គឺធ្វើឲ្យពិភពលោកកាន់តែក្តុកក្តួលខ្លាំងឡើង ដែលពណ៌នាដូនជីកាតូលិកលុតជង្គង់ក្រាបក្បាលដល់ដី ជាមួយដៃរបស់នាងលាតសន្ធឹង សុំអង្វរដល់កងកម្លាំងប្រដាប់អាវុធ ទុកឱកាសឲ្យក្មេងៗ ដែលស្ថិតក្រោមការមើលថែរបស់នាង ដោយសុខចិត្តលះបង់ជីវិតរបស់នាងជំនួសពួកគេ។
យោងតាមសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ដូនជីរូបនោះដែលមានឈ្មោះ Ann Rose Nu Tawng ពិតជាមានសេចក្តីក្លាហាន ហ៊ានប្រឈមមុខនឹងពួកមន្ត្រីប្រដាប់អាវុធ ហើយថែមទាំងអាចធ្វើឲ្យពួកគេទន់ចិត្ត លុតជង្គង់ព្រមជាមួយនាងផងដែរ។
ដូនជី Ann Rose បាននិយាយថា «ខ្ញុំលុតជង្គង់សុំអង្វរកុំបាញ់ និងធ្វើទារុណកម្មលើកុមារអី ប៉ុន្តែ សូមបាញ់ និងសម្លាប់ខ្ញុំជំនួសពួកគេចុះ»។
ដូនជីរូបនេះបានឲ្យដឹងថា «ប៉ូលីសកំពុងតែដេញតាមចាប់ខ្លួនពួកគេ ហើយខ្ញុំមានការព្រួយបារម្ភចំពោះក្មេងៗយ៉ាងខ្លាំង។ ប៉ុន្តែ សំណាងហើយ ដែលខ្ញុំបានគេធានាថា ពួកគេទើបតែចេញបោសសំអាតផ្លូវប៉ុណ្ណោះ»។
ដូនជីបានបន្ថែមថា «ក្មេងៗភ័យស្លន់ស្លោ ហើយរត់ទៅខាងមុខខ្ញុំមិនអាចធ្វើអ្វីបានទេ ប៉ុន្តែខ្ញុំបានអធិស្ឋានសុំព្រះជួយសង្គ្រោះ និងជួយក្មេងៗ»។
ដូនជី Ann Rose នៅបានរៀបរាប់ទាំងរំជួលចិត្តថា «គ្លីនិករបស់យើងបានក្លាយជាសមុទ្រឈាម យើងត្រូវផ្តល់តម្លៃដល់ជីវិត។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ក្រៀមក្រំណាស់។
យើងសង្ឈឹមថាមនុស្សគ្រប់គ្នានៅតែមានសុវត្ថិភាពក្នុងកំឡុងពេលនៃភាពច្របូកច្របល់នេះ ហើយវានឹងបញ្ចប់ឆាប់ៗនេះ»។
គួរបញ្ជាក់ថា ដូនជីមានទឹកចិត្តដ៏ល្អ ដែលត្រូវបានដឹងថាបើកគ្លីនិកមួយកន្លែង នៅក្នុងទីក្រុង Myitkyina បានលុតជង្គង់ក្រាបក្បាលដល់ដី ដើម្បីអង្វរសូមឲ្យពួកមន្ត្រីចាកចេញពីពួកក្មេងៗ បន្ទាប់ពីពួកមន្ត្រីប្រដាប់អាវុធទាំងនោះ បានបង្ហាញមុខ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



