ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តVOLVOមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ដល់ស្តុបជាន់ហ្គាច្រឡំថាហ្វ្រាំងបួងចង្កូតឡើងចិញ្ចើមផ្លូវបុករ៉ឺម៉ក ដែលកំពុងរង់ចាំម៉ូយអូសជាង៣០ម៉ែត្រ តៃកុងរ៉ឺម៉ករងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដែលស្ថិតតាមបណ្តោយផ្លូវលេខ៦ កែងផ្លូវបេតុងចូលរវង្វង់មូលនាងមច្ឆា ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រថយន្តបង្ក ម៉ាក VOLVOពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BL-0702 បើកដោយបុរសម្នាក់ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីកើតហេតុ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុតៃកុងរ៉ឺម៉កបានបើករ៉ឺម៉ក មកឈប់លើចិញ្ចើមផ្លូវខាងលិច នៃផ្លូវជាតិលេខ៦ ខណៈដែលតៃកុងរ៉ឺម៉កចុះមកអង្គុយក្បែររ៉ឺម៉ក ស្រាប់តែមានរថយន្តម៉ាកVOLVO ខាងលើបើកក្នុងទិសដៅពីជើងទៅត្បូងល្បឿនយ៉ាងលឿន មកដល់ផ្លូវកែងក៏បង្អង់ល្បឿនអកហ្សើភ្លើងស្តុប ក៏ជាន់ហ្គាច្រឡំថាហ្វ្រាំងរួចបួងចង្កូតមកស្តាំដៃ ជ្រុលបុកតៃកុងរ៉ឺម៉កបណ្តាលឱ្យរុញរ៉ឺម៉កប្រមាណ៣០ម៉ែត្រ និងប៉ះរថយន្តមួយគ្រឿងទៀតខូចខាតស្រាល។
ក្នុងហេតុការណ៍នេះបណ្តាលឱ្យតៃកុងរ៉ឺម៉កម្នាក់ របួសធ្ងន់រ៉ឺម៉កនិងរថយន្តបង្កខូចខាតយ៉ាងដំណំ រថយន្តមួយទៀតខូចខាតស្រាល។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រីឯរថយន្តនិងរ៉ឺម៉កនិងតៃកុងរថយន្ត សមត្ថកិច្ច ធ្វើការវាស់វែងយកទៅរក្សាទុកនៅ ការិយ៉ាល័យចរាចណ៍ផ្លូវគោករាជធានី ដើម្បីដោះស្រាយជាក្រោយ៕ រក្សាសិទ្ធិដោយ៖សារឿន















