ស្ទឹងត្រែង ៖ ស្ថានីយ៍ស្រាវជ្រាវនិងបង្កាត់ពូជត្រីនៅឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង គ្រោងនឹងចំណាយថវិកាអស់ ១,៧ លានដុល្លារអាមេរិក។
លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទស្តីទីខេត្តស្ទឹងត្រែង បានប៉ាន់ប្រមាណថា ស្ថានីយ៍ស្រាវជ្រាវបង្កាត់ពូជត្រីជាប្រវត្តិសាស្ត្រលើទឹកដីខេត្តមួយនេះ កំពុងសាងសង់លើផ្ទៃដី១០ហិក តាអាចបង្កាត់ពូជត្រីបានចាប់ពី ៣ លានកូនឡើងទៅក្នុង ១ឆ្នាំ។
គម្រោងសាងសង់បង្កាត់ត្រីមេពូជជាលើកដំបូង បានធ្វើឡើងបន្ទាប់ពីផលត្រីទឹកសាបលើទឹកដីខេត្តស្ទឹងត្រែង កង្វះតម្រូវការសម្រាប់ទទួលទាន និងចែកចាយនៅតាមបណ្ដាខេត្តមួយចំនួន។ ពីមុនខេត្តស្ទឹងត្រែងសម្បូរត្រីណាស់ ដោយសារតែមានដងទន្លេចំនួនបួនមានកោះព្រៃលិចទឹកថ្ម និងអន្លង់ជ្រៅ។
លោកទុំ នីរ៉ូ បានលើកឡើងថា កត្តាកើនឡើងរបស់មនុស្សបំពេញតម្រូវការទទួលទាន។ ចំនួននេសាទកាន់តែកើនរាល់ឆ្នាំរួមទាំងប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់។ បម្រែបម្រួលអាកាសធាតុ។ មានការប្រែប្រួលរបបទឹកហូរតាមដងទន្លេមិនទៀងទាត់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាមូលហេតុបណ្ដាលឱ្យធនធានត្រីថយចុះ។
រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវផែនការ សាងសង់ស្ថានីយ៍ស្រាវជ្រាវនិងផលិតកូនត្រីពូជ នៅខេត្តស្ទឹងត្រែង លើផ្ទៃដីទំហំដី ១០ហិកតា ដែលត្រូវចំណាយថវិការប្រមាណ ១,៧លានដុល្លារអាមេរិក។ ថវិកាហិរញ្ញប្បទានពីធនាគារពិភពលោក រួមជាមួយនឹងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី ៣សមាសភាគទី ១។
ស្ថានីយ៍នេះ មានសំណង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នឹងត្រូវសាងសង់ រួមគ្នាក្នុងបរិវេណតែមួយរួមមាន រោងភ្ញាស់កូនត្រី រោងបំប៉នកូនត្រី អគារពិសោធន៍ អគារឃ្លាំង អគារស្នាក់នៅ អគារបណ្តុះបណ្តាល និងបណ្ណាល័យ រោងបូមទឹក ស្រះបំប៉នកូនត្រី ស្រះចិញ្ចឹមត្រីសាច់ ស្រះត្រីមេពូជ ស្រះស្តុកទឹកកខ្វក់ ស្រះស្តុកទឹកសម្រាប់ផ្គត់ផ្គង់ និងប្រព័ន្ធបង្ហូរទឹកជាដើម។ល។
ប្រធានមន្ទីរកសិកម្មខេត្តបានជម្រុញប្រជាពលរដ្ឋ ឲ្យធ្វើវារីវប្បកម្ម ដើម្បីបង្កើនជីវភាពគ្រួសារ។ ម្យ៉ាងទៀត គឺកាត់បន្ថយការពឹងផ្អែកទាំងស្រុង លើត្រីពីធម្មជាតិ ដែលធនធានទាំងនេះ មិនអាចបន្តផ្គត់ផ្គង់ដល់សេចក្តីត្រូវការ របស់ប្រជាពលរដ្ឋតទៅទៀតបានទេ។
អតីតនាយខណ្ឌជលផលបានឲ្យដឹងថា សព្វថ្ងៃនេះធនធានត្រីទឹកសាប ត្រូវបានដឹកចេញពីខេត្តស្ទឹងត្រែង ទៅចែកចាយនៅតាមបណ្តាខេត្តផ្សេង ដើម្បីបំពេញតម្រូវការម្ហូបអាហារ។
លោកទុំ នីរ៉ូ បាននិយាយបន្ថែមថា យើងមិនអាចពឹងតែលើត្រីធម្មជាតិបានទេ គឺមានតែជំរុញឲ្យប្រជាពលរដ្ឋធ្វើវារីវប្បកម្ម៕ រក្សាសិទ្ធិដោយ៖សំណាង









